
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រជុំរកដំណោះស្រាយការកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ក្រោយមានការកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី១ ខែមីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញក្រុមហ៊ុនសាងសង់ និងនគរបាលចរារណ៍មកប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចការដ្ឋាននេះឱ្យបានល្អប្រសើរជាងមុន ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
លោក កើត ឆែ បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីឱ្យមន្ត្រីជំនាញក្រុមហ៊ុនសាងសង់ និងនគរបាលចរាចរណ៍ រួមគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយការកកស្ទះចរាចរណ៍ខ្លាំង នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ព្រោះកន្លងមកនេះ នៅតំបន់ការដ្ឋាននេះ មានការកកស្ទះចរាចររហូតដល់៥ទៅ៦ម៉ោងឯណោះ។
លោក កើត ឆែ បានជំរុញឱ្យធ្វើការកែសម្រួល ដោយបង្រួមរបងការដ្ឋានឱ្យតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់ការដ្ឋានឱ្យបានល្អប្រសើរ សំដៅឱ្យមានលំហូរចរាចរណ៍បានល្អ។
បន្ថែមពីនេះ លោក កើត ឆែ ក៏បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរៀបចំជាផែនការឱ្យបានជាក់លាក់ ដើម្បីចេញសេចក្តីជូនដំណឹងមួយក្នុងការបង្វែរទិសចរាចរណ៍ចេញ និងចូលភ្នំពេញ ដោយមិនឱ្យឆ្លងកាត់តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ។
គួរបញ្ជាក់ថា ស្ពានអាកាសព្រះមុនីវង្ស មានទីតាំងប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ដែលជាស្ពានអាកាសតំបូងគេដែលមានរង្វង់មូលលើអាកាស។ គម្រោងសាងសង់ស្ពានអាកាសថ្មីនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួនជាង ៣៦លានដុល្លាអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







