
អន្ដរជាតិ: អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ ឯកឧត្ដម ហេង រតនា បានឱ្យ ដឹងថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងរូបឯកឧត្ដម បានធ្វើពិធីផ្ទេរ-ប្រគល់ឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅជប៉ុនចំនួន ១២ គ្រឿងដែលគិតជាថវិកាជិត ៥០ម៉ឺនដុល្លារអាម៉េរិក។
ឯកឧត្ដមឱ្យដឹងបន្តថា ALIS ជាការសហការអភិវឌ្ឍស្រាវជ្រាវបច្ចេកទេសរវាងវិស្វករ និងអ្នកវិទ្យាសាស្ត្រជប៉ុន ជាមួយអង្គភាពស៊ីម៉ាក់ដោយប្រើពេលស្រាវជ្រាវអស់រយៈពេលជិត ១៦ឆ្នាំ។
ឧបករណ៍រាវមីនប្រភេទ ALIS នេះ មានលក្ខណៈទំនើប នៃសម័យបច្ចេកវិទ្យាចុងក្រោយ ដោយមានបំ ពាក់ប្រព័ន្ធរ៉ាដា ឧបករណ៍ស្កែនរូបភាពក្នុងដី និងឧបករណ៍រូបលោហធាតុ ការបញ្ជូនរលកសញ្ញាជារូបភាពតែម្តង។
ផលប្រយោជន៍នៃឧបករណ៍នេះអាចជួយពង្រឹងសុវត្ថិភាពសម្រាប់អ្នកដោះមីន និងបង្កើនប្រសិទ្ធផល ដោយកាត់បន្ថយសកម្មភាពជីកកាយដីរកគ្រាប់មី និងគ្រាប់មិនទាន់ផ្ទុះ។
ឯកឧត្ដម ហេង រតនា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដមឯកអគ្គរាជទូតជប៉ុន ក៏ដូចរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ៕ ដោយ៖ គង់ ឌិន







