នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ថា នាវាឆ្មាំសមុទ្រឥណ្ឌា មួយគ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR គ្រោង នឹងចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចសហប្រតិបត្តិការ រយៈពេល ៦ថ្ងៃ (ថ្ងៃទី៧-១១ ខែមីនា) ដើម្បីចូលរួមសកម្មភាពមួយចំនួន រួមមាន៖ ក-ការបង្ហាញអំពីការឆ្លើយតបទាក់ទិនទៅនឹងការបំពុល ខ-ចូលរួមសកម្មភាព ជាមួយនិងនគរបាលការពារព្រំដែនទឹក គ-សកម្មភាពចូលរួមរបស់នាយទាហានសកម្មឥណ្ឌា ដូចជាប្រតិបត្តិការសម្អាតឆ្នេរ ជាមួយស្ថាប័នយុវជនក្នុងស្រុក និងមានធ្វើលំហាត់ល្បាតរួមខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា។
នាវានេះ មានលក្ខណៈបច្ចេកទេស ឈ្មោះ ICGS SAMUDRA PAHEREDAR (202) បណ្ដោយជាង ៩០ម៉ែត្រ ទទឹងជាង ១៥ម៉ែត្រ ជម្រៅទឹកជាង ៤ម៉ែត្រ ទំងន់ផ្ទុកជាង ៤ពាន់តោន ចំនួនមនុស្សជាង ១០០នាក់ ដែលមានមេបញ្ជាការនាវា លោកវរនាវីឯក PRAMOD POKHRIYAL។
