កណ្តាល ៖ រថយន្តកុងតឺន័រធុនធំមួយគ្រឿង ដឹកស្តុកពេញទៅដោយថ្នាំបាញ់ម៉ូស ដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកលឿនមិនប្រយ័ត្ន បណ្តាលអោយរេចង្កូតជ្រុលទៅបុកនឹងរថយន្ត ២គ្រឿងផ្សេងដែលកំពុងចតលើដងផ្លូវ បណ្តាលអោយក្រឡាប់ នឹងផ្ទុះកំប៉ុងថ្នាំបាញ់ម៉ូស បង្កជាការឆាបឆេះ រហូតមានជាអណ្តាតភ្លើងឆេះរថយន្តទាំង ៣គ្រឿងយ៉ាងសន្ធោសន្ធៅតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ នចំណុចទល់មុខផ្សារគគីរ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រថយន្តរងគ្រោះទាំង ០២គ្រឿងក្នុងគ្រោះថ្នាក់ខាងលើ មួយគ្រឿងជារថយន្តកុងតឺន័រធុនធំដូចគ្នា និងមួយគ្រឿងទៀត ជារថយន្តកាមរី ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះទាំង២គ្រឿង ដោយក្នុងនោះរថយន្តកាមរីត្រូវម្ចាស់ចតទុកចោលនៅដងផ្លូវ ហើយរថយន្តកុងតឺន័របានទៅឈប់ចតក្បែររថយន្តកាមរី ដោយអ្នកបើកបរគាត់ដើរទៅហូបបបរមុខផ្សារ ។
លុះដល់វេលាកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រធុនធំមួយគ្រឿងទៀតដែលនៅខាងក្នុងទូរសណ្តោងខាងក្រោយរថយន្ត គឺមានដឹកស្តុកពេញទៅដោយថ្នាំបាញ់ម៉ូស ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលពីកៀនស្វាយចូលទៅភ្នំពេញ និងក្នុងល្បឿនលឿនផងដែរ ។ ដោយអ្នកបើកបរកង្វះការប្រុងប្រយ័ត្ន រថយន្តក៏បានរេចង្កូតទៅបុកផ្ទប់នឹងរថយន្ត ០២គ្រឿងខាងលើដែលនៅចតលើដងផ្លូវ បណ្តាលអោយគៀបជាប់គ្នា ហើយរថយន្តបង្កត្រូវក្រឡាប់ផ្ញារជើង ។ ហើយរំពេចនោះដែរ កំប៉ុងថ្នាំបាញ់ម៉ូសនៅក្នុងទូរសណ្តោងក៏បានផ្ទុះ បង្កជាអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តងទៅ។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលថ្នាក់ខេត្ត ក្រោមការដឹកនាំចុះបញ្ជាផ្ទាល់ ដោយលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្ត រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ខេត្ត និងជាច្រើនគ្រឿងបន្ថែមទៀត ដែលមកពីស្នងការរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ នឹងបានជួយបាញ់ទឹកពន្លត់ការឆាបឆេះ ជៀសវៀងមានការរាលដាលចូលទៅកាន់លំនៅឋានពលរដ្ឋក្បែរនោះ ព្រោះតែការឆាបឆេះ មានលក្ខណះផ្ទុះខ្លាំង ។
ក្រោយការជួយអន្តរាគមន៍ក្នុងរយៈពេលប្រមាណជិត ៤ម៉ោង ទើបកម្លាំងសមត្ថកិច្ចចម្រុះអាចពន្លត់ការឆាបឆេះខាងលើនេះបាន ពោលគឺចាប់តាំងពីវេលាកើតហេតុ រហូតដល់ម៉ោង៣ និង៥០នាទីទាបភ្លឺថ្ងៃខែដដែល ដោយរថយន្តទាំង០៣គ្រឿង គឺត្រូវអណ្តាតភ្លើងឆាបឆេះអស់ហ្មត់ទាំងស្រុង សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ។
នៅក្នុងការឆាបឆេះខាងលើនេះដែរ ក្រុមសមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបរួមគ្នាអស់២០គ្រឿង ក្នុងការគ្រប់គ្រងការឆាបឆេះខាងលើនេះដែរ ។ ក្នុងនោះដែរ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ប៉ុន្តែអណ្តាតភ្លើង បានឆាបឆេះបំផ្លាញយ៉ាបផ្ទះបងប្អូនពលរដ្ឋនៅជាប់នោះចំនួន០៦ផ្ទះ និងយ៉ាប ក៏ដូចជារោងរបស់បងប្អូនអាជីវករលក់ដូរ មួយចំនួនទៀតផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងករណីខាងលើនេះដែរ ក្រោយការកើតមានរឿងហេតុភ្លាមៗ បុរសជាអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួមបាត់ស្រមោលសូន្យពីកន្លែងកើតហេតុតែម្តង៕ អត្ថបទ៖ លីហេង









