ភ្នំពេញ ៖ បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ហើយមកដល់ពេលនេះដំណោះស្រាយចំនួន ៥ ត្រូវបានរដ្ឋបាលរាជធានីដាក់ចេញ ដើម្បីអនុវត្ត។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបន្ទាន់មួយនៅសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
លទ្ធផលនៃកិច្ចប្រជុំបន្ទាន់នោះ គឺរដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។
រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវធ្វើការលក់ដូរ។

ចំពោះផ្លូវទឹកវិញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាដាក់សាឡាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ ត្រង់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។ នៅពេលវេលាចរាចរណ៍មមាញឹក ប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ APP GOOGLE MAPS មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។

រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការកកស្ទះចរាចរណ៍ក្នុងពេលដំណើរការការដ្ឋានសាងសង់ស្ពានខាងលើ ហើយនៅពេលដែលការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចរាល់ជាស្ថាពរ នឹងអាចដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍នៅតំបន់នេះបានទាំងស្រុងដូចស្ពានអាកាសចោមចៅជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








