ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមិថុនា ឆ្នាំ២០១៩ សាលាក្ដីខ្មែរក្រហមនឹងបើកជំនុំជម្រះលើសំណុំរឿង ០០៤វគ្គ២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ដែលគេស្គាល់ជាទូទៅថា សាលាក្ដីខ្មែរក្រហមចេញនៅថ្ងៃទី៣ ខែមិថុនា។
សវនការលើសំណុំរឿង០០៤វគ្គ២នេះ គឺដើម្បីស្ដាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង មុនពេលដែល អង្គបុរេជំនុំជម្រះចេញសាលដីកាលើបណ្ដឹងឧទ្ធរណ៍។
សំណុំរឿង០០៤វគ្គ២ ផ្ដោតលើជនសង្ស័យឈ្មោះ អោ អាន ធ្លាប់មាននាទីជាអនុលេខាភូមិភាគកណ្ដាល និងជាលេខាតំបន់៤១ នៃអតីតរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ជាទូទៅថា របប ខ្មែរក្រហម។
ជនសង្ស័យរូបនេះ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
កន្លងមកអតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺ នួន ជា និងខៀវ សំផន ធ្លាប់ត្រូវបានចៅក្រម នៃ អ.វ.ត.ក សម្រេចដាក់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ ចំពោះអតីតប្រធានមន្ទីរឃុំឃាំងស–២១ ដែលគេស្គាល់ជាទូទៅថា គុកទួលស្លែង គឺកាំង ហ្គិចអ៊ាវ ហៅឌុច ក៏ត្រូវបានចៅក្រមនៃ អ.វ.ត.ក សម្រេចដាក់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតផងដែរ។
សំណុំរឿង០០៤វគ្គ២ ត្រូវបានដាក់បណ្ដឹងឧទ្ធរណ៍ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ បណ្ដឹងឧទ្ធរណ៍នេះ ក៏ត្រូវបានសហមេធាវីការពារក្ដីជនត្រូវចោទដាក់បណ្ដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីប្រឆាំងនឹងដីកាដំណោះស្រាយ ឬដីកាបញ្ជូនទៅជំនុំជម្រះ ដែលចេញដោយ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ និងបណ្ដឹងឧទ្ធរណ៍ដែលដាក់ ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទ ប្រកាន់ជនត្រូវចោទដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ផងដែរ៕

