ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះថា សម្ដេចមានសុខភាពល្អដូចធម្មតាទេ បន្ទាប់ពីបានរក្សាខ្លួននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ករយៈពេល ៤ថ្ងៃរួចមកហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកម្សត់ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯង អត់មានប្រពន្ធ អត់មានកូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេច និងបញ្ហាគ្រប់គ្រងប្រទេសនៅដំណើរការ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់បែបនេះ ក្រោយពីសម្ដេចបានមានប្រសាសន៍ជាមួយសំឡេងស្អក ដែលត្រូវបានផ្ញើទៅកាន់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន កាលពីថ្ងៃម្សិលមិញនេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសំឡេងរបស់ខ្ញុំ ដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែន តែមិនមែនជំងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ខ្លួននៅដាច់ដោយឡែកចាប់តាំងពីវិលត្រឡប់មកពីកិច្ចប្រជុំកំពូលពិសេសមេដឹកនាំអាស៊ានកាលពីចុងសប្ដាហ៍កន្លងមកនេះ៕
