កណ្ដាល៖ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រារព្ធពិធីផ្សព្វផ្សាយអំពីលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូលសមាជិកសមាជិកាថ្មី នៃគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៥៤៧៨នាក់ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ។

ក្នុងកម្មវិធីខាងលើនេះ លោក ជា ប៊ុនធឿន អនុប្រធានគណបក្សស្រុក បានឡើងធ្វើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងអានសេចកី្តសម្រេចបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន២០០នាក់ ដែលតំណាងឱ្យសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៥៤៧៨នាក់ ក្នុងនោះស្រី២៧៨២នាក់ នៅក្នុងស្រុកកៀនស្វាយ ដោយសមាជិកថ្មីនៅសល់នឹងត្រូវរៀបចំការប្រកាសបញ្ចូល ជាបន្ដបន្ទាប់នៅតាមបណ្ដាឃុំទាំង៨ នៃស្រុកកៀនស្វាយ ដោយលោក ឯក សុផាត អនុប្រធានប្រចាំការគណបក្សស្រុក ទន្ទឹមនឹងនោះលោក ឡូវ សុខសាន ប្រធានគណបក្សស្រុក បានផ្សព្វផ្សាយជំនួយស្មារតីអពីអនុវត្ត ផែនការរួមឆ្ពោះទៅកាន់ាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាពិសេសផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ការពារ និងលើស្ទួយផលប្រយោជន៍ របស់ប្រជាជន និងសេចកី្តសម្រេច នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះឯកឧត្តម បណ្ឌិត គុណ ញឹម បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ បើកទូលាយទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន ដោយផ្អែកលើសភាពការណ៍ជាក់ស្តែងក្នុងប្រទេស និងនិន្នការ នៃសកលលោក។ និយាយដោយឡែកការងារនៅចំពោះមុខមួយចំនួនស្របតាមផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ សូមស្នើដល់សមាជិកបក្សគ្រប់រូបឱ្យទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើមជោគជ័យលើការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ ខាងមុខនេះ ក៏សូមឲ្យសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៨ ត្រូវបន្តធ្វើការផ្សព្វផ្សាយឯកសារមួយចំនួន ដែលបានសម្រេច និងអនុម័តដោយសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់កសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជាពិសេសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដោយស្មោះចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ពេលអនាគត។
តមកឯកឧត្តម បណ្ឌិត គុណ ញឹម ក៏បានប្រគល់សេចកី្តសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និង ប្រគល់រថយន្ដសង្គ្រោះចំនួន០១គ្រឿង ដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកៀនស្វាយ សម្រាប់ប្រើប្រាស់បម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកៀនស្វាយ និងអំណោយឧបត្ថម្ភជូនដល់សមាជិកផងដែរ៕ អត្ថបទ រដ្ឋា
























