ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំ បណ្តា ប្រទេស ដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក នៃ អង្គសន្និ បាតប្រចាំឆ្នាំលើកទី៧៧ របស់ UNESCAP ស្តីអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការបង្កើនភាពធន់បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងឆន្ទៈរបស់កម្ពុជាក្នុងការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នា ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែល ក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង ៥ ចំណុច រួមមាន ៖
(១). កម្ពុជាដែលជា ប្រទេស មាន ការ អភិវឌ្ឍតិចតួចមួយ បានខិតខំធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បី ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពមិនរើស អើង គ្នា និងការស្តីបន្ទោសឱ្យគ្នាទៅវិញទៅមក ដែលអាចនាំមកនូវភាពបែកបាក់នៃការរួបរួម ។ ជាក់ស្តែង ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាកំសាន្ត Westerdam ចុះចត និងស្វាគមន៍អ្នកដំណើរចំនួន ២ ២០០ នាក់ ក្នុង ខែកុម្ភៈ ឆ្នាំ ២០២០ ហើយបច្ចុប្បន្នកម្ពុជា មិនត្រឹមតែផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាជនខ្លួនប៉ុណ្ណោះទេ តែបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនបរទេសផងដែរ។
(២). កម្ពុជា មើលឃើញថា ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ដោយប្រុងប្រយ័ត្ន នៅក្នុងក្របខ័ណ្ឌនៃពហុភាគី ដោយគោរពតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗ ដោយមិនត្រូវគិតពីភាពមាន ឬក្រ។ សារៈសំខាន់ និងភាពបន្ទាន់ នៃការផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលជាទំនិញសាធារណៈសកល ត្រូវប្រព្រឹត្តទៅក្នុងស្មារតីមនុស្សធម៌សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។
(៣). កម្ពុជាជឿជាក់ថា បណ្តាប្រទេសនានា គួរចៀសវាងគោលនយោបាយគាំពារនិយម ហើយជួយគាំទ្រប្រទេសដែលងាយរងគ្រោះ ជាពិសេសគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បី ធានាថាប្រទេសទាំងនោះមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។
(៤). កម្ពុជាជំរុញដល់អ្នកតាក់តែងគោលនយោបាយ គួរអនុវត្តការប្តេជ្ញាចិត្តក្នុងការបញ្ចៀសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយមើលឃើញនូវការធ្លាក់ចុះ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។
(៥). កម្ពុជាជំរុញសហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពភ្លាមៗ ដើម្បីចៀវវាងការកើតឡើងជាថ្មី នៃគ្រោះមហន្តរាយនេះ ដោយការបង្កើតនូវឃ្លាំងរក្សាសម្ភារៈចាំបាច់ និងឧបករណ៍ការពារ ការផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវ និងគាំទ្រប្រព័ន្ធសុខភាពសាធារណៈ និងការដាក់ចេញនូវគំរូប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អ្នកដែលត្រូវការបំផុត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ បានគូសបញ្ជាក់ទៀត ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច -សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោចីរភាព។
កិច្ចប្រជុំ បណ្តាប្រទេស ដែលមានការ អភិវឌ្ឍតិច តួច (LDCs) ក្នុងតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក នៃអង្គសន្និ បាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP មាន ការ អញ្ជើញថ្លែងសុន្ទរកថា បើកដោយលោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និង ជា ប្រធាន UNESCAP ព្រមទាំង មានការអញ្ជើញចូលរួម ថ្លែង ការណ៍ពីតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេស ដែលមានការ អភិវឌ្ឍតិច តួច ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និង រដ្ឋមន្រ្តីនៃបណ្តាប្រទេស ដែលមានការ អភិវឌ្ឍតិចតួចរួមមាន ៖
លោកស្រី Fekitamoeloa Katoa‘Utoikamanu តំណាងជាន់ខ្ពស់ទទួលបន្ទុកប្រទេសដែលមានការអភិវឌ្ឍតិចតួច ប្រទេសកំពុងអភិវឌ្ឍដែលគ្មានដែនសមុទ្រ និងរដ្ឋដែលកំពុងអភិវឌ្ឍដែលជាកោះតូចៗ
លោក José Antonio Ocampo ប្រធានគណៈកម្មាធិការអភិវឌ្ឍគោលនយោបាយ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ
ឯកឧត្តម A.H.M. Mustafa Kamal រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសបង់ក្លាដែស
ឯកឧត្តម Tandi Dorji រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៊ូតាន
ឯកឧត្តម Puspa Raj Kadel អនុប្រធានគណៈកម្មការជាតិរៀបចំផែនការនៃប្រទេសនេប៉ាល់
លោកជំទាវ Adaljiza Magno រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសទីម័រ
ឯកឧត្តម Seve Paeniu រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទូវ៉ាលូ
ឯកឧត្តម Marc Ati រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសវ៉ានូអាទូ
ឯកឧត្តម Jone Usamate រដ្ឋមន្ត្រីទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងឧតុនិយមនៃប្រទេសហ្វីជី។
ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាក្រុមប្រទេសដែលមានស្ថានភាពភូមិសាស្ត្រចម្រុះ ដែលមានដូចជារដ្ឋដែលកំពុងអភិវឌ្ឍដែលជាកោះតូចៗ (គីរីបាទី , កោះ Solomon, ទីម័រ ខាងកើ ត , ទូវ៉ាលូ និង វ៉ានូអាទូ) ប្រទេសកំពុងអភិវឌ្ឍដែលគ្មានដែនសមុទ្រ (អាហ្គានីស្ថាន, ប៊ូតាន, ឡាវ និងនេប៉ាល់ ) និងប្រទេសដទៃផ្សេងទៀត (បង់ក្លាដេស កម្ពុជា និង ម៉ាយ៉ាន់ម៉ា)។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាន បង្កើតឡើង ឲ្យ មាន “ គណៈកម្មា ធិការជាតិអេស្កាប់ (NC-ESCAP)” នៅ ក្នុង ឆ្នាំ២០០៩ ដោយមានបេសកកម្មសំខាន់ៗ ដូចជា ៖
១. ដើរតួជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទំនាក់ទំនងរាល់សកម្មភាពការងារជាមួយ UN-ESCAP និងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នជាតិ បណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។
២. សិក្សាស្រាវជ្រាវ និងផ្តល់ធាតុចូលលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា និងអាស៊ី ប៉ាស៊ីហ្វិក។
៣. រួមចំណែកកសាងធនធានមនុស្សលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច តាមរយៈសិក្ខាសាលា និងការបណ្តុះបណាលនានា។
៤. កៀរគររកមធ្យោបាយ និងធនធានដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច៕ អត្ថបទ ៖ ផានណា



