
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី រក្សាទុក , ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងចែកចាយខុសច្បាប់នូវសារធាតុញៀន និងដកហូតបានសារធាតុញៀនប្រភេទពណ៌ស្វាយ បានចំនួន៧៥កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង២១ និង៣០ នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្លឹបKTV (J) ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ ទី១ឈ្មោះ ស៊ុន ហេង ហៅ ធ្មេញ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ និងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ នី វិសាល ហៅ បែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ និងស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា យ៉ាងច្បាស់លាស់ ខណៈជនសង្ស័យទាំង២ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JF-3567 ត្រៀមធ្វើសកម្មភាពចែកចាយ សារធាតុញៀនទាំងនោះ កម្លាំងនគរបាលធ្វើការឃាត់ខ្លួនជាក់ស្ដែងម្ដង។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេនិងដកហូតសារធាតុញៀន សុរប៧៥កញ្ចប់ រួមមាន សារធាតុញៀនប្រភេទកញ្ចប់ម៉ាក Blue Raspberries ពណ៌ទឹកប៊ិច ចំនួន ២៥កញ្ចប់។ សារធាតុញៀនប្រភេទកញ្ចប់ម៉ាកStawberry ពណ៌ក្រហម ចំនួន ១៥កញ្ចប់។ និងសារធាតុញៀនប្រភេទកញ្ចប់ម៉ាក Grape ពណ៌ ស្វាយ ចំនួន ៣៥កញ្ចប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ


