
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអៈអាងថា អ្នកជំនាន់មុនជឿជាក់លើគណបក្សប្រជាជនកម្ពុជាដោយសារការរំដោះជាតិ ហើយយុវជនជំនាន់ក្រោយផ្តល់ជំនឿទុកចិត្តផ្អែកលើសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសនាពេលបច្ចុប្បន្ន។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន ៣៦៤នាក់ ស្រី ១៨៥នាក់ នៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីគណៈកម្មាធិការបក្សស្រុក ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រះនិព្វាន និងសមាជិក សមាជិកា គណបក្សឃុំព្រះនិព្វាន។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀត ពីការអភិវឌ្ឍ ដែលនាំមកនូវការងារធ្វើដល់ក្នុងមូលដ្ឋាន ការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធ និងការរីកចំរើនលើគ្រប់វិស័យ ដែលកើតឡើងក្រោមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្រោមម្លប់នៃសុខសន្ដិភាព និងស្ថេរភាព ជូនដល់អង្គពិធីដែលនឹងត្រូវបញ្ចូលក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ថា អ្នកជំនាន់មុនជឿជាក់លើគណបក្សប្រជាជនកម្ពុជាដោយសារការរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយនាំមកនូវសុខសន្តិភាព ហើយយុវជនជំនាន់ក្រោយផ្តល់ជំនឿទុកចិត្តផ្អែកលើសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងប្រទេស។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការ ដោះស្រាយបញ្ហានានានៅគ្រប់កាលៈទេសៈ ដើម្បីការពារសុខសន្ដិភាព ស្ថេរភាពសង្គម ដោយរំលេចពីស្ថានការណ៍ពីរចម្បងរួមមាន៖ (១) ការគ្រប់គ្រងបញ្ហាជម្លោះព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ និង(២) ការដោះស្រាយបញ្ហាសុខភាពសាធារណៈ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យ។
ពិតណាស់ ប្អូនៗកើតមិនទាន់សោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍នោះទេ តែប្អូនៗអាចជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលប្អូនៗបានឃើញជាក់ស្ដែងនាពេលកន្លងមក៕ អត្ថបទ៖ រដ្ឋា







