ប៉េតង់៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់វ័យចាស់ក្លិបសន្ដិភាពឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមចូលរួម រហូតមានការជំរុញឲ្យមានការរៀបចំការប្រកួតរៀងរាល់ឆ្នាំទៀតផង។
ពានរង្វាន់កីឡាប៉េតង់វ័យចាស់នេះរៀបចំដោយក្លិបកីឡាប៊ូល និងប៉េតង់សន្ដិភាពនៅទីលានវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ដោយមាន ៣២ក្រុមចូលរួមប្រកួតលើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់។ ថ្លែងក្នុងពិធីបើកការប្រកួតនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបង្កើតឲ្យមានក្លិបកីឡាប៊ូល និងប៉េតង់វ័យចាស់នេះឡើង ពិសេសការបង្កើតឲ្យមានពានរង្វាន់វ័យចាស់ផ្ទាល់តែម្ដង។ ឯកឧត្តមរដ្ឋមន្ដ្រីមានប្រសាសន៍ថា ការប្រកួតនេះគឺជាការរៀបចំដ៏ប្រពៃ ដើម្បីបង្កើតឱកាសជួបជុំលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ហើយរួមចំណែកការពារសន្ដិភាព និងអភិវឌ្ឍន៍សង្គម ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឲ្យប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមផង ហើយក៏ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត សោម ចិន អ្នកតំណាងរាស្ដ្រខេត្តកំពត និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្ដិភាពមានប្រសាសន៍ថា ការរៀបចំពានរង្វាន់វ័យចាស់នេះផ្ដោតលើគោលបំណងសំខាន់ ៣ ទី១-បំផុសការប្រកួតកីឡាករវ័យ ៥០ឆ្នាំឡើង ទី២-រឹតចំណងមិត្តភាព សាមគ្គីភាព រវាងខេត្ត-ក្រុង ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងទី៣-ធ្វើជាគំរូសម្រាប់ការបណ្ដុះបណ្ដាលថ្នាលបន្ដវេនឲ្យកាន់តែច្រើន និងចៀសឆ្ងាយពីគ្រឿងញៀន។ ចំពោះលទ្ធផលនៃការប្រកួតកីឡាប៉េតង់វ័យចាស់ក្លិបសន្ដិភាពឆ្នាំ២០២៣ នេះ គឺចំណាត់ថ្នាក់លេខ១ បានទៅក្លិបប៉េតង់វ័យចាស់ខេត្តកែប(១), លេខ២ បានទៅក្លិបខេត្តកំពត និងលេខ៣ ស្ទួនបានទៅក្លិបសន្ដិភាព(២) និងក្លិបខេត្តកែប(២)៕
អត្ថបទ៖ លី ឈុនឡា