បាល់ទាត់៖ ខ្សែប្រយុទ្ធជួរមុខទាំងពីរនាក់របស់ Paris Saint Germain, Kylian Mbappe និង Neymar បានធ្វើការហ្វឹកហាត់ជុំគ្នាជាមួយមិត្តរួមក្រុម ត្រៀមលក្ខណៈសំរាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ជួប Manchester City។ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានរងរបួសភ្លៅអំឡុងជ័យជំនះរបស់ PSG លើ Metz ៣-១ ចុងសប្តាហ៍កន្លងទៅដែលធ្វើអោយអ្នកចាត់ការ Mauricio Pochettino នៅពេលនោះបង្ហាញក្តីបារម្ភ។

តែនៅពេលនេះកីឡាករសំខាន់ទាំង ២រូបបានបង្ហាញខ្លួននៅទីលានហ្វឹកហាត់ធម្មតា។ PSG និង Manchester City កំពុងស្វែងរកពាន UEFA Champions League លើកដំបូងដូចគ្នា ខណៈអ្នកចាត់ការ PSG លោក Mauricio Pochettino បានបង្ហាញអារម្មណ៍កោតសរសើរដល់លោក Pep Guardiola អ្នកចាត់ការ Manchester City។ មិនផ្លាស់ប្តូរទេ PSG នឹងមានកីឡាករជួរមុខទាំងបីនាក់ក្នុងនោះ Kylian Mbappe កណ្តាលគាំទ្រដោយស្លាបប្រយុទ្ធទាំងពីរ Neymar និង Angel Di Maria។ Kylian Mbappe មកដល់ពេលនេះរកបាន ៣៧គ្រាប់ហើយគ្រប់ក្របខណ្ឌអោយ PSG រដូវកាលនេះ។ PSG មិនមានបញ្ហារបួសឡើយក្នុងនោះ Marquinhos ទើបត្រលប់មកហ្វឹកហាត់វិញ ស្របពេលខ្សែបំរើ Marco Verratti ក៏ដូចគ្នាដែរ និងបានចូលលេងពេញម៉ោងពេល PSG ជួប Metz៕
អត្ថបទ៖នាង សុភាវុធ