
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្មានបរទេសណាមកស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងនោះទេ ខណៈពេលខ្មែរមានសង្រ្គាម ពួកគេទាំងនោះរត់ចោលខ្មែរអស់ហើយ ទុកឱ្យខ្មែររងទុក្ខ និងស្លាប់យ៉ាងច្រើន ប៉ុន្តែពេលខ្មែរមានសុខសន្តិភាពពួកទាំងនោះ បែជាមកតាំងខ្លួនកង្វល់នេះកង្វល់នោះទៅវិញ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រទេសខ្លះនាពេលបច្ចុប្បន្ននេះបានសម្តែងកង្វល់នេះកង្វល់នោះដល់កម្ពុជា ខណៈកម្ពុជាយើងកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍស្ទើគ្រប់វិស័យ ប៉ុន្តែពេលដែលកម្ពុជាមានសង្រ្គាមពួកគេទាំងនោះមិនបាននៅក្បែរកម្ពុជាឡើយថែមទាំងជួយគាំទ្រទៅវិញ ជាក់ស្តែងដូចជាការធ្វើរដ្ឋប្រហារយោធាពីសំណាក់ លោក លន់ នល់ ក្នុងទសវត្សន៍៧០ និងគាំទ្ររបស់កម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម)នៅក្នុងអង្គការសហប្រជាជាតិដើមនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា សម្តេចនឹងមិនលើកលែងឲ្យអ្នកណាក៏ដោយដែលចង់បំផ្លិតបំផ្លាញសុខសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃគឺមិនអាចទៅរួចនោះឡើយ ខណៈសុខសន្តិភាពនេះគឺកម្ពុជាបានរកមកដោយកម្រនោះ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា មានប្រទេសមួយគ្រាន់តែទាក់ទងរឿងបញ្ហាសមុទ្ររាម គេបានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសគេ ខណៈដែលប្រទេសនោះ មានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្តែគេមិនបានកង្វល់អំពីសន្តិសុខនៅកម្ពុជាដែរនោះទេ ដោយបញ្ហាសមុទ្ររាមនេះគេបានចោទប្រកាន់នេះប្រកាន់នោះមកលើកម្ពុជាម្តងហើយម្តងទៀតនោះ៕ អត្ថបទ បាន ចក់






