កីឡាអេឡិចត្រូនិក៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់ ការប្រកួតដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឬ Road To Sea Games 32nd ឆ្នាំ២០២៣ ហើយ ក្រោយរកឃើញបេក្ខភាពក្រុមជើងឯក ២វិញ្ញាសាទៀតរួមមានវិញ្ញាសា VALORANT និងវិញ្ញាសា WILD RIFT ដែលទើបបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីចុងសប្ដាហ៍កន្លងទៅ។
សម្រាប់វិញ្ញាសា VALORANT គឺក្រុម AG E-Sports បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុម D-ROAR ក្នុងលទ្ធផល ៣-០ គ្រាដែលវិញ្ញាសា WILD RIFT គឺក្រុម Team Max បានគ្រងជើងឯក បន្ទាប់ពីពួកគេបានយកឈ្នះក្នុងជំនួបដ៏ស្វិតស្វាញលើក្រុម Anxiety Crew ដោយលទ្ធផល ៣-១។ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា បេក្ខភាពជើងឯកទាំង ២ក្រុមសុទ្ធតែមានសមត្ថភាព តែដើម្បីប្រាកដក្រុមណា ឬកីឡាករណាខ្លះនឹងទទួលបានឱកាសតំណាងលេងស៊ីហ្គេម ពួកគេត្រូវឆ្លងកាត់ការប្រកួត Pre-Sea Games មួយជាមុនសិនដែលគ្រោងធ្វើឡើងនាពេលឆាប់ៗខាងមុខ។
ដោយឡែកលោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន T.Y Media ដែលចូលរួមសហការរៀបចំព្រឹត្តិការណ៍នេះ បានសម្ដែងសេចក្ដីរីករាយដែលការប្រកួតដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់ដោយរលូន និងមានការចូលរួមច្រើនពីកីឡាករ-កីឡាការិនី ក៏ដូចជាក្រុមកីឡាអេឡិចត្រូនិកកម្ពុជា។ តាមរយៈនេះលោករំពឹងថានឹងក្លាយជាផ្នែកមួយ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាពេលខាងមុខ។ សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានកំណត់វិញ្ញាសាចំនួន ៩ ដាក់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ពោលគឺក្រៅពីវិញ្ញាសាក្រុម VALORANT និងវិញ្ញាសាក្រុម WILD RIFT គឺមានវិញ្ញាសា AK2 ក្រុម និងឯកត្តជន, PUBG Mobile ក្រុម និងឯកត្តជន, Mobile Legends: Bang Bang ក្រុមបុរស និងក្រុមនារី និងវិញ្ញាសា Cross Fire ជាក្រុម៕
អត្ថបទ៖ លី ឈុនឡា