អាមេរិក៖ ពលរដ្ឋអាមេរិកជិតកន្លះលាននាក់ចាប់ពីរដ្ឋ Kentucky រហូតដល់រដ្ឋ Michigan គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីព្យុះព្រិលរដូវរងាដ៏ធំគ្របដណ្ដប់ភាគច្រើននៅភាគខាងជើងសហរដ្ឋអាមេរិក និងបានប៉ះពាល់ដល់តំបន់មួយចំនួននៅភាគខាងត្បូងដោយមានផ្គររន្ទះ និងព្យុះកំបុតត្បូង។

ទីភ្នាក់ងារព្យាករណ៍អាកាសធាតុ AccuWeather បាននិយាយថា អ្នកស្លាប់យ៉ាងហោចណាស់ ១៣នាក់ត្រូវបានរាយការណ៍ថាបណ្ដាលមកពីព្យុះនេះ ដែលបានចាប់ផ្ដើមដោយនាំមកនូវព្រិលកម្រាស់ជាច្រើនហ្វីតនៅតាមតំបន់ភ្នំ និងភាគខាងកើតរដ្ឋ California។ អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា មនុស្ស ៥នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងរដ្ឋ Kentucky ខណៈខ្យល់កម្លាំង ១១២គីឡូម៉ែត្រក្នុងមួយម៉ោងបានបោកបក់រម្លើងដើមឈើ និងបង្គោលភ្លើង និងបំផ្លិចបំផ្លាញលំនៅឋាន និងអគារមួយចំនួន។
យោងតាមគេហទំព័រតាមដានថាមពល poweroutage.us. លំនៅឋាន និងហាងអាជីវកម្មជាង ២២៤.០០០ គ្មានថាមពលអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យនៅរដ្ឋ Kentucky។ លំនៅឋាន និងអគារជាង ១១៧.០០០ផ្សេងទៀតគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Michigan និងជាង ៣៦.០០០ នៅរដ្ឋ Tennessee។ រដ្ឋ Pennsylvania, Ohio និង West Virginia ក៏កំពុងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ដែរ៕
អត្ថបទ៖ សុខមាន