បាល់ទាត់៖ ក្មេងប្រុសជនជាតិស៊ីរីម្នាក់បានសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងការប៉ុនប៉ងជួបជាមួយនិមិត្តរូបរបស់ខ្លួនគឺកីឡាករខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo។

Nabil Saeed ដែលជាក្មេងប្រុសម្នាក់ក្នុងចំណោមអ្នករងគ្រោះដោយសារគ្រោះរញ្ជួយដីនៅទួកគី និងស៊ីរីបានបង្ហាញវីដេអូខ្លីនៅបណ្តាញសង្គមកាលពីខែកុម្ភៈ ក្រោយពីត្រូវបានជួយសង្គ្រោះចេញពីគំនរអគារត្រូវសង្កត់ពីលើ ដោយនិយាយថាចង់ជួបមុខម្ចាស់ជ័យលាភី Ballon D’Or, Cristiano Ronaldo ផ្ទាល់។ ចុងសប្តាហ៍កន្លងទៅ Nabil Saeed ត្រូវបានអញ្ជើញមកទស្សនាការប្រកួតផ្ទាល់របស់ Al Nassr នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត អបអរជ័យជំនះរបស់ Al Nassr លើ Al Batin ៣-១ នៅក្របខណ្ឌ Saudi Pro League។
Nabil Saeed បាននិយាយថា គេស្ទើរតែមិនជឿភ្នែករបស់គេបានឃើញ Ronaldo ផ្ទាល់ និងនៅតែគិតថាគេកំពុងនៅក្នុងសុបិន្តនៅឡើយ។ សូមបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏កំណាចកម្រិត ៧.៨រិចឆ្ទ័រនៅទួកគី និងស៊ីរីបានឆក់យកជីវិតមនុស្សប្រមាណ ៥០,០០០នាក់ដែលក្នុងនោះមានប្រមាណ ៥៩០០នាក់នៅស៊ីរី៕
អត្ថបទ៖នាង សុភាវុធ