ក្រិក៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករនៅកណ្ដាលរដ្ឋធានីអាតែន ប្រទេសក្រិកកាលពីថ្ងៃអាទិត្យ ទី៥មីនា ក្នុងការតវ៉ាជាបន្តបន្ទាប់បង្កឡើងដោយនិស្សិត និងបុគ្គលិកស្ថានីយរថភ្លើងរាប់ពាន់នាក់ ទាក់ទងគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសក្រិក។

នគរបាលបានឆ្លើយតបដោយការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងទៅលើក្រុមអ្នកតវ៉ាមួយក្រុម ដែលបានគប់វត្ថុផ្សេងៗលើនគរបាលបង្ក្រាបកុបកម្ម រួមទាំងគ្រាប់បែកភ្លើង មុនពេលបំបែកជួរទៅកាន់តាមដងផ្លូវនានាក្បែរនោះ។ ការប៉ះទង្គិចនានាក៏បានកើតឡើងផងដែរកាលពីថ្ងៃសុក្ររវាងនគរបាល និងក្រុមអ្នកតវ៉ា។ មនុស្សយ៉ាងហោចណាស់ ៥៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសកាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ នៅពេលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងដឹកមនុស្សជាង ៣៥០នាក់បានបុកគ្នាពេញទំហឹងជាមួយរថភ្លើងដឹកទំនិញ នៅលើផ្លូវដូចគ្នានៅកណ្ដាលប្រទេសក្រិក។

បន្ទាប់ពីការតវ៉ាកាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅទូទាំងប្រទេសមាននិស្សិត បុគ្គលិកស្ថានីយរថភ្លើង និងក្រុមឆ្វេងនិយមប្រមាណ ១ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីលានចតុរង្គអាតែនកាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញការអាណិតអាសូរចំពោះការបាត់បង់អាយុជីវិត និងទាមទារឲ្យមានស្តង់ដារសុវត្ថិភាពប្រសើរជាងនេះនៅលើបណ្ដាញផ្លូវរថភ្លើង និងជាការព្រមានដល់រដ្ឋាភិបាលចំពោះការព្រងើយកន្តើយនឹងសុវត្ថិភាពផ្លូវដែក៕
អត្ថបទ៖ សុខមាន