កូរ៉េខាងជើង៖ ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិទាមទារឲ្យបញ្ឈប់ភ្លាមៗ នូវសមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយនិយាយថា ប្រទេសទាំង២ នេះកំពុងដុតបញ្ឆេះភាពតានតឹងអាចធ្វើឲ្យការគំរាមកំហែងនេះគ្រប់គ្រងលែងបាន។

លោក Kim Son Gyong អនុរដ្ឋមន្ត្រីការបរទេសសម្រាប់អង្គការអន្តរជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធ និងវោហារសាស្ត្រពីសម្ព័ន្ធមិត្តពួកគេទាំងនោះ គឺជាការបង្កើនកម្រិតនៃការប្រឈមដាក់គ្នាដោយគ្មានទំនួលខុសត្រូវ។ ក្រុមមន្ត្រីមកពីប្រទេសទាំង២ បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរយៈពេលជាង ១០ថ្ងៃនៃលំហាត់យោធាទ្រង់ទ្រាយធំនៅក្នុងខែមីនានេះ រួមទាំងសមយុទ្ធដែនអាកាស ដែនទឹក និងដីគោក។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធទាំងនេះគឺជាការការពារខ្លួនឯង និងជារឿងចាំបាច់ត្រូវធ្វើ ដើម្បីប្រឆាំងរាល់ការគំរាមកំហែងពីកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលត្រូវបានហាមប្រាម ដោយសេចក្ដីសម្រេចរបស់ក្រុបប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើងបានស្ដីបន្ទោសសហរដ្ឋអាមេរិកចំពោះអ្វីដែលខ្លួននិយាយថា ជាការដួលរលំនៃប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ហើយថាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺគ្រាន់តែជាការឆ្លើយតបដើម្បីធានាឲ្យមានតុល្យភាពអំណាចក្នុងតំបន់ប៉ុណ្ណោះ។ លោក Kim និយាយថា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិត្រូវតែជំរុញឲ្យខ្លាំងដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឲ្យបញ្ឈប់ការអត្ថាធិប្បាយបង្ករឿង និងសមយុទ្ធយោធារួមគ្នារបស់ពួកគេជាបន្ទាន់។ លោកថា វាជារឿងគួរឲ្យសោកស្ដាយដែលអង្គការសហប្រជាជាតិស្ងៀមស្ងាត់ ចំពោះសមយុទ្ធទាំងនោះ៕
អត្ថបទ៖ សុខមាន