ភ្នំពេញ៖ ឪពុកម្ដាយ អាណាព្យាបាល នៃបេក្ខជនប្រឡងចូលបម្រើវិស័យកងទ័ព បានសម្ដែងនូវមោទកភាព ចំពោះកូនៗរបស់ពួកគេ ដែលមានបំណងចង់បម្រើប្រទេសជាតិ ។
ក្នុងពេលរង់ចាំកូនប្រឡង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានលើកឡើងថា ការដែលកូនៗពួកគេមកប្រឡងនេះ សុទ្ធសឹងតែជាបំណងប្រាថ្នា និងចំណង់ចំណូលចិត្តរបស់ពួកគេ ដោយក្នុងនាមជាឪពុកម្ដាយ ក៏បានគាំទ្រ និងបានជំរុញលើកទឹកចិត្តបន្ថែម ។
ពលរដ្ឋបានបន្តថា ទោះបីដឹងថា ការធ្វើជាកងទ័ព មានការលំបាក ជាពិសេសនៅពេលហ្វឹកហាត់ តែយ៉ាងណា ការងារនេះ គឺដើម្បីការពារប្រទេសជាតិ ឲ្យបន្តមានសុខសន្តិភាព និងប្រជាពលរដ្ឋទាំងអស់ រស់នៅប្រកបដោយភាពសប្បាយរីករាយ ដូចនេះពួកគេ មានមោទកភាពយ៉ាងខ្លាំងចំពោះកូនខ្លួន ។
នៅឆ្នាំនេះ ក្រសួងការពារជាតិ បានជ្រើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងនោះ បានកំណត់សន្ទស្សន៍ នៃការជ្រើសរើសនាយទាហានសកម្ម ជំនាន់ទី២៥ ចំនួន១០០នាក់, នាយទាហាន ទ័ពជើងគោក ជំនាន់ទី១៣ ចំនួន១០០នាក់, នាយទាហានបន្តវេន ជំនាន់ទី១៤ ចំនួន១៥០នាក់ និង នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន ៣០នាក់ ។
កាលពីថ្ងៃទី៥ ខែមីនា នេះ ក្រសួងការពារជាតិ បានរៀបចំការប្រឡងចូលក្របខណ្ឌកងទ័ព ដែល មានបេក្ខជនដាក់ពាក្យប្រឡង ចំនួន៦ពាន់ ៣៩៩នាក់ ក្នុងនោះមាននារីចំនួន ២ពាន់ ៩៩៨នាក់ នៅតាម មណ្ឌលចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលមានសាលាវិទ្យាល័យបាក់ទូក, វិទ្យាល័យជាស៊ីមសន្ធរម៉ុក, វិទ្យា ល័យ ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំ និងវិទ្យាល័យឥន្ទ្រាទ្ទទេវី ដែលមានការប្រឡងលើវិញ្ញាសា ចំណេះដឹងទូទៅ, ភាសាអង់គ្លេស និងវិញ្ញាសារកាយសម្បទា ៕អត្ថបទ៖ បាន សុខរិទ្ធិ