
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញការបង្កបង្កើនផល ដើម្បីធានាបានសន្តិសុខស្បៀងក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេសកាន់តែច្រើន ដោយការដាំដុះលើដំណាំសក្តានុពល រួមមានស្រូវ ដំឡូងមី និងបន្លែជាដើម ត្រូវគិតគូដល់សុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ជីក្នុងកម្រិតសមស្រប ឬជីធម្មជាតិ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា នៅសល់ស្រូវប្រមាណ៦តោន ឬស្មើនឹងអង្ករ ៤លានតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ ដោយមិនទាន់គិតពីស្បៀងដទៃទៀត ដូចជាដំឡូងមី ឬពោតជាដើម។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ ដល់ការបង្កបង្កើនផលរបស់កសិករ ដែលបានជួយ ឱ្យកម្ពុជា មានស្បៀងគ្រប់គ្រងដូចសព្វថ្ងៃ ងើបចេញពីប្រទេសដែលធ្លាប់ខ្វះស្បៀង គាំទ្រដោយប្រព័ន្ធស្រោចស្រពមានកាន់តែច្រើន អនុញ្ញាតឱ្យកសិករ បង្កបង្កើនផលលើសពីមួយដងក្នុងមួយរដូវ។
សម្តេចតេជោ មានប្រសាសន៍ថា៖ “ឥឡូវនេះ កំពុងតែគិតអំពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ គ្រប់ផ្នែកទាំងអស់ត្រូវគិតលើសុវត្ថិភាពនៃអ្នកប្រប្រាស់ដែលជាចំណុចត្រូវយកចិត្តទុកដាក់ ជាមួយនឹងការផលិតដោយមិនប្រើជីគីមីហួសជ្រុល ប៉ុន្តែលើកទឹកចិត្តឱ្យផលិតដោយជីសរីរាង្គ ដែលវាធានាដល់សុខភាពប្រជាជនយើង។ យើងកំពុងគិតដល់ធានាសន្តិសុខស្បៀងផង និងធានាដល់សុត្ថិភាព និងសុខភាពនៃអ្នកប្រើប្រាស់ផងដែរ”។
សូមបញ្ជាក់ថា កម្ពុជា បាននាំចេញកសិផលចំនួន ៧,៦២ លានតោនក្នុងរយៈពេល ១០ ខែទៅទីផ្សារក្រៅប្រទេស។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច ជាដើម៕ អត្ថបទ៖ វណ្ណៈ