ភ្នំពេញ៖ រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ចាប់ផ្តើមពិភាក្សាជំនួយបច្ចេកទេស លើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនសាធារណៈ ដើម្បីប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូន និងផែនការ តភ្ជាប់នៃគម្រោងវិនិយោគលើមធ្យោបាយដឹកជញ្ជូនផ្សេងៗ។
លោក Daisuke Mizusawa មន្រ្តីជំនាញការជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងក្នុងជំនួប នៅថ្ងៃទី៦ ខែកុម្ភៈ ជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា គោលបំណងនៃការសិក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង គឺដើម្បីដោះស្រាយបញ្ហាការកក ស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូននៅរាជធានីភ្នំពេញ ដោយការសិក្សានេះធ្វើឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ជំនួយ បច្ចេកទេសរបស់ជប៉ុន គ្រប់គ្រងដោយ ADB និងកម្មវិធីភាពជាដៃគូ MobiliseYourCity របស់ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
លោក Daisuke Mizusawa លោកបន្តថា តាមការសិក្សាបានបង្ហាញនូវលទ្ធភាពនៃជម្រើសមួយចំនួន សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងតម្រូវការវិនិយោគលើគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងផងដែរ។ បញ្ហានេះក្រុមបេសកម្ម របស់ ADB ក៏បានស្នើសុំមតិណែនាំជាយុទ្ធសាស្រ្ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការសិក្សា អាចឆ្លើយតបចំគោលដៅ និងដោះស្រាយបានចំៗ។
ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានស្វាគមន៍ចំពោះជំនួយបច្ចេកទេសដ៏មានសារៈសំខាន់នេះ នៅក្នុងបរិការណ៍ដែល ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកំណើនខាងផ្នែកនគរូបនីយកម្ម ក៏មានល្បឿនលឿន ពិសេសក្នុងរាជធានីភ្នំ ពេញ និងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន ខណៈដែលបញ្ហាការកកស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូន បាន កំពុងក្លាយជាបញ្ហាប្រឈមពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ លើកឡើងបន្តថា ចំពោះការរៀបចំយុទ្ធសាស្រ្តនេះ ត្រូវតែផ្អែកលើផែនការនគរូបនីយកម្ម, ផែនការ មេអភិវឌ្ឍន៍ទីក្រុង, ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធ តភ្ជាប់ទីក្រុងទៅប៉ូលសេដ្ឋកិច្ច និងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុង ព្រមទាំងផែនការអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងទីក្រុង។
ក្រៅពីនេះការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈ នៅទីក្រុង ក៏ត្រូវគិតគូរថែមទៀត ទៅដល់មធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជា៖ រថភ្លើងលើអាកាស, រថភ្លើងក្រោមដី និងរថភ្លើង ធម្មតាជាដើម។
ដោយឡែកចំពោះការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក៏ត្រូវមានការគិតគូរដល់របៀងដឹកជញ្ជូន និងតម្រាយផ្លូវ និងកក្តាការចូលរួមគាំទ្រក្នុងការប្រើប្រាស់របស់ប្រជាជន។ ក្រៅពីនេះគឺត្រូវសិក្សាបន្ថែមថា តើរថយន្តក្រុង ទាំងនោះ ជាប្រភេទរថយន្តដែលប្រើប្រាស់ថាមពលប្រេង ឬក៏អគ្គិសនី ដើម្បីគ្មានការបំភាយឧស្ម័នការបូនិចប៉ះពាល់ដល់បរិស្ថាន៕ អត្ថបទ៖ សុន រ៉ាឌី