ក្រចេះ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២និង១៥នាទី មានករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅចំណុចក្រោយផ្សាអូរប្ញស្សី ស្ថិតក្នុងភូមិអូរប្ញស្សី២ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដក្រចេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរក្នុងផ្សារអូរឬស្សី ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទៅមក ។
អគ្គិភ័យនេះកើតឡើងមិនដល់មួយម៉ោងផង ពោលគឺលឿនមែនទែន ដោយភ្លើងឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិ៍ទាំងស្រុង ។ ក្នុងនោះសមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ២គ្រឿង និងអធិការក្រុងក្រចេះ ១គ្រឿង ដើម្បីជួយអន្តរាគមន៍អោយទាន់ពេលវេលា ប៉ុន្តែជាអកុសល រួមផ្សំនិងអាកាសធាតុក្តៅ ខ្យល់បក់ខ្លាំង ធ្វើអោយអណ្តាតភ្លើងគួចខ្មួលខ្មាញ់ឡើងទៅលើអាកាសតែម្តង ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្តីនិង ប្រពន្ធ ឈ្មោះ អូន ចាន់ធី អាយុ ៣៤ ឆ្នាំ។ ផ្ទះខាងលើ ធ្វើអំពើឈើលើ ថ្មខាងក្រោម ប្រក់គ្បឿង ទំហំ ៧x១២ ម៉ែត្រ ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូលហេតុ ដែលបង្ករអោយកើតមានអគ្គិភ័យនេះឡើង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងនោះ ខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់សរុបប្រហែលចំនួន៥០០០០ដុលារអាមេរិច។
សមត្ថកិច្ច បានបញ្ជាក់ថាករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកសរុប ០៧ឡាន៕ ដោយ ៖ សេង ម័រ


