ឥណ្ឌា៖ ក្រសួងការបរទេសបាននិយាយថា ការដឹកជញ្ជូនដំបូងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រសម្រាប់ព្យាបាលជំងឺ COVID-19 ពីអង់គ្លេសមកកាន់ប្រទេសឥណ្ឌា ដែលរួមទាំងម៉ាស៊ីនជំនួយផ្លូវដង្ហើម ១០០គ្រឿង និងម៉ាស៊ីនបង្កើតអុកស៊ីហ្សែន ៩៥គ្រឿងបានមកដល់ហើយកាលពីព្រឹកថ្ងៃអង្គារ។

លោក អារីនដាម បាក់ឈី អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានបង្ហោះរូបថតតាម Twitter នូវសម្ភារដាក់ចុះពីលើយន្តហោះក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa នៅក្នុងរដ្ឋញូវដែល្លី ហើយលោកបានចាត់ទុកវាថា ជាកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អង់គ្លេសដែលស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនទៀតប្រកាសបញ្ជូនជំនួយ ស្របពេលប្រព័ន្ធសុខភាពនៅក្នុងប្រទេសឥណ្ឌាកំពុងដុនដាបខ្លាំង ដោយការកញ្ជ្រោលឡើងករណីឆ្លងជំងឺ COVID-19 នោះនឹងបញ្ជូនសម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រជាង ៦០០គ្រឿង។ យោងតាមការអះអាងរបស់ឧត្តមស្នងការអង់គ្លេស ប្រចាំនៅរដ្ឋញូវដែល្លីបានឲ្យដឹងថា សម្ភារសរុប ៩កុងតឺន័រ រួមមានម៉ាស៊ីនបង្កើតអុកស៊ីហ្សែន ៤៩៥គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើម ១២០គ្រឿង និងម៉ាស៊ីនជំនួយផ្លូវដង្ហើមប្រើដោយដៃចំនួន ២០គ្រឿងនឹងត្រូវបញ្ជូនមកដល់ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ។
ខណៈនោះដែរកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តបញ្ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំនួនជិត ៦០លានដូស ស្របពេលដែលប្រទេសឥណ្ឌាពិបាកទប់ទល់ការហក់ឡើងខ្ពស់ ករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ និងជួបកង្វះខាតគ្រឿងវេជ្ជសាស្ត្រធ្ងន់ធ្ងរ ក្នុងនោះមន្ទីរពេទ្យផ្ទុកអ្នកជំងឺលើសចំណុះ ហើយឈាបនដ្ឋាន ពេញសមត្ថភាព។ ប្រទេសនៅតំបន់អាស៊ីខាងកើតមានពលរដ្ឋ ១.៣ពាន់លាននាក់មួយនេះ បានរកឃើញករណីឆ្លងថ្មី ៣៥២.៩៩៩១នាក់ និងករណីស្លាប់ ២.៨១២នាក់កាលពីថ្ងៃចន្ទ ដែលជាករណីឆ្លង និងស្លាប់ខ្ពស់បំផុតចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19ផ្ទុះឡើង។ ឥណ្ឌា ដែលជាប្រទេសជាតិនិយមហិណ្ឌូបានរងការរិះគន់យ៉ាងខ្លាំង សម្រាប់អនុញ្ញាតឲ្យមានការជួបជុំគ្នាដូចជាពិធីបុណ្យសាសនា និងការដង្ហែក្បួនខាងនយោបាយ កាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕
អត្ថបទ៖ សារ៉ាត់