ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រារព្ធអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។
ទិវាដ៏សំខាន់នេះ ប្រារព្ធធ្វើឡើង ជារៀង រាល់ ឆ្នាំ ដើម្បីរំលឹកដល់ការតស៊ូ និងគំរូវីរភាពរបស់នារី ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។
គួរបញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ក្រសួងកិច្ចការនារីបានសម្រេចយកមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្នុងការរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈ ឱ្យតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុង ការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ក្រោយវិបត្តិកូវីដ-១៩ និងកសាងភាពធន់ រឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព។
ប្រធានបទនេះបានគូសបញ្ជាក់ពីសារៈសំខាន់លើការលើកកម្ពស់ និងបន្តជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការ បញ្ជ្រាបយេនឌ័រជាអន្តរវិស័យក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០-២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០។ មានសន្តិភាព គឺ មានអ្វីៗគ្រប់យ៉ាង។
ក្រសួងកិច្ចការនារី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មបង្កលក្ខណៈឱ្យស្ត្រី ពង្រីកសក្តានុពលរបស់ខ្លួន ក្នុង កិច្ចការពារ និងបន្តស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងកសាងប្រទេសជាតិលើគ្រប់វិស័យ៕







