បាល់ទាត់៖ មកដល់ពេលនេះក្រុមនៅតាមបណ្តាខេត្តនានាបានត្រៀមរួចរាល់ សម្រាប់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ខណៈការប្រកួតផ្លូវការចាប់ផ្តើមធ្វើឡើងចុងខែនេះ។
ក្រោយសិក្ខាសាលាស្តីពីការប្រកួតដែលធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក លឹម ឆាវរ៉ាត់ អ្នកចាត់ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្រុមរបស់លោកត្រៀមរួចរាល់ដើម្បីប្រជែងជើងឯកដំណាក់កាលខេត្ត។ រដូវកាលនេះ ខេត្តកំពតស្ថិតនៅក្នុងពូល A ជាមួយខេត្តកែប កំពង់ស្ពឺ ខេត្តព្រះសីហនុ និងភ្នំពេញហ្កាឡាក់ស៊ី។ កំពតត្រូវបើកការប្រកួតថ្ងៃទី២៨ ដោយជួបខេត្តព្រះសីហនុ។ លោក អ៊ីវ សារី ប្រធានការិយាល័យកីឡាខេត្តត្បូងឃ្មុំបានរៀបរាប់ពីការជ្រើសរើសក្រុមដើម្បីតំណាងខេត្ត សម្រាប់ប្រកួតពានរង្វាន់សម្តេចលើកនេះ ហើយឆ្នាំនេះនឹងមានការប្រកួតប្រជែងយ៉ាងតានតឹងដោយក្រុមទាំងអស់សុទ្ធតែត្រៀមបានល្អ។
ឆ្នាំ២០២៣នេះ ខេត្តត្បូងឃ្មុំស្ថិតនៅក្នុងពូល B ជាមួយកំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម និងខេត្តកណ្តាល ហើយត្បូងឃ្មុំបើកការប្រកួតដោយត្រូវជួបខេត្តកំពង់ចាមថ្ងៃទី២៩ ខែមីនាខាងមុខនេះ។ ចំនែកលោក អ៊ួន ឧត្តម អគ្គលេខាធិការរបស់ក្លិបរបស់ខេត្តរតនៈគីរី អធិរាជដំរីឥសាន្ត បានលើកឡើងដែរថា ដើម្បីបានក្រុមសម្រាប់ប្រកួតនានាពេលនេះ គឺឆ្លងកាត់ការធ្វើតេស្ត ហើយភាគច្រើនជាយុវជន។ ឆ្នាំនេះលោកសង្កេតឃើញថា ក្រុមទាំងអស់សុទ្ធតែក្រុមល្អៗ ហើយមិនងាយស្រួលក្នុងការយកឈ្នះនោះទេ។ អធិរាជដំរីឥសាន្តស្ថិតនៅពូល D ជាមួយក្រុមខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តកំពង់ធំហើយ រតនៈគីរីត្រូវប្រកួតដំបូងជួបខេត្តសៀមរាបថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ខាងមុខ។ ឯពូល C មានខេត្តពោធិសាត់ បាត់ដំបង សូហ្វីយ៉ាប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា ពានរង្វាន់សម្តេចតេជោឆ្នាំ២០២៣ ពានថ្នាក់ខេត្តមាន ២០ក្រុមចូលរួមប្រកួត បែងចែកជា ៤ពូលមួយពូលមាន ៥ក្រុម ដំណើរការប្រកួតពីថ្ងៃទី២៨ ខែមីនាដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕