ភ្នំពេញ ៖ នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ដ ដោយមានការដាក់លក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនផងដែរ ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ ព្រឹត្តិការណ៍នេះមានការអញ្ជើញបើកដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ព្រឹត្តិការណ៍នេះរៀបចំធ្វើឡើងនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដោយចាប់ផ្ដើមម៉ោង៨ព្រឹក ដល់ម៉ោង៩យប់។ កម្មវិធីនេះក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។
បើយោងតាមរបាយការណ៍ពីក្រសួងសាធារណការបានឱ្យថា នៅក្នុងឆ្នាំ២០២២ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនមានចំនួន ៧.១២៥ ផ្លាក ដោយបានចំណូល ៤៤ ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បាន ៣១.៧៥៦ ផ្លាក និងបានចំណូលជាង ៤០ ប៊ីលានរៀល។ ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦.១៣២ ផ្លាក និងទទួលបានចំណូលជាង ១១៤ ប៊ីលានរៀល៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






