ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះ Flying Bike Super Cross ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យក្រោយខកខានរៀបចំអស់ជាច្រើនឆ្នាំ ខណៈស្ថាបនិកកម្មវិធីនេះបានសម្ដែងការសប្បាយចិត្ត ដែលការរៀបចំឡើងវិញនេះបានប្រព្រឹត្តទៅយ៉ាងរលូន នៅលើទីលានព្រែកលាបកាលពីចុងសប្ដាហ៍កន្លងទៅ។
លោក ព្រែ អ៊ីវកាត់ទ្រី អ្នករៀបចំការប្រកួតកីឡាម៉ូតូហោះនេះ បានសម្ដែងការភ្ញាក់ផ្អើលដែលការរៀបចំវិញ្ញាសា Super Cross ឡើងវិញទទួលបានការគាំទ្រ ហើយកីឡាករចូលរួមប្រកួតប្រជែងប្រកបដោយសុវត្ថិភាព មិនមានគ្រោះថ្នាក់អ្វីកើតឡើង។ តាមរយៈនេះ លោកបានប្ដេជ្ញានឹងព្យាយាមរៀបចំការប្រកួតឲ្យបានទៀងទាត់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យរីកចម្រើន ពិសេសលើការបណ្ដុះបណ្ដាលថ្នាលយុវជនតែម្ដង។
សម្រាប់ការប្រកួតកីឡាម៉ូតូហោះ Flying Bike Super Cross ឆ្នាំ២០២៣ នេះដែរបានរៀបចំការប្រកួតលើ ៥វិញ្ញាសា រួមមានវិញ្ញាសាកម្រិត Class A, B, C, VIP និងយុវជន។ តាមការគ្រោងទុកសម្រាប់ការប្រកួតបន្ទាប់ គឺគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ព្រែ អ៊ីវកាត់ទ្រី៕
អត្ថបទ៖ លី ឈុនឡា