
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់សប្បុរសជននានា ចូលរួមកសាងអន្តេវាសិកដ្ឋាន(កន្លែងស្នាក់នៅ)របស់សិស្សជាស្រ្តីឲ្យបានគ្រប់រាជធានី-ខេត្តទាំងអស់ជាពិសេសគឺនៅតាមវិទ្យាល័យ និងជនបទ ដើម្បីផ្តល់ឱកាសឲ្យសិស្សជាស្រ្តីនៅតាមជនបទបានសិក្សាខ្ពង់ខ្ពស់បន្ថែមទៀត រួមទាំងកាត់បន្ថយការលំបាកនៃការធ្វើដំណើររបស់ពួកគេជាដើម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថា ការធ្វើកន្លែងស្នាក់នៅសម្រាប់សិស្សជាស្រ្តី គឺមិនត្រូវធ្វើតែនៅក្នុងរាជធានីភ្នំពេញនោះទេ គប្បីត្រូវធ្វើឲ្យ បានគ្រប់ខេត្តទាំងអស់ ពោលគឺនៅតាមសាលាមធ្យមសិក្សានីមួយៗ ដើម្បីលើកកម្ពស់ភាពចេះដឹងរបស់ស្រ្តីនៅកម្ពុជាឲ្យបានកាន់តែខ្លាំងឡើងបន្ថែមទៀត ហើយក៏កាត់បន្ថយគម្លាតរវាងស្រ្តីនៅតាមជនបទ និងទីក្រុងផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានអំពាវនាវជាថ្មីម្តងទៀតដល់គ្រប់ក្រសួង-ស្ថាប័នរួមទាំងវិស័យឯកជនទាំងអស់ គប្បីលើកកម្ពស់ភាពជាអ្នកដឹកនាំដល់ស្រ្តីឲ្យបានកាន់តែច្រើនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា និងផ្តល់អំណាចភាពជាអ្នកដឹកនាំរបស់ស្រ្តីឲ្យខាងតែបានផងដែរ៕អត្ថបទ៖ បាន ចក់