
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដោយដាច់ណាត់ថា នឹងមិនប្រើប៊ិច ដើម្បីចុះហត្ថលេខាលើកលែងទោសដល់អ្នកនយោបាយណាដែលមានទោសកំហុសព្រហ្មទណ្ឌ ឬដែលបានជេរប្រមាថខ្លាំងក្លាដល់ក្រុមគ្រួសារសម្តេចនោះឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថា ខណៈដែលសម្តេចកំពុងកាន់ទុក្ខ មានក្រុមអន្ធពាលបានជេរប្រមាថដល់ភរិយា និងក្រុមគ្រួសារសម្តេច ដោយការប្រមាថទាំងនេះហើយ គឺគ្មានហេតុផលណាមួយដែលសម្តេចនឹងត្រូវលើកលែងឲ្យពួកទាំងនោះទេ ហើយក៏កុំដេកស្រមៃ និងសង្ឃឹមថាសម្តេចចុះហត្ថលេខាលើកលែងទោសដល់ពួកគេទាំងនោះផងដែរដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់បណ្តាឯកអគ្គរាជទូត និងរដ្ឋទូតនានា ប្រចាំនៅកម្ពុជាផងដែរថា ប្រសិនបើសម្តេចលើកលែងទោស និងយោគយល់ដល់ក្រុមទាំងនោះ ប្រៀបបានសម្តេចដូចជាតិរិច្ឆាន ខណៈសម្តេចបានចាត់ទុកក្រុមជនអន្ធពាលទាំងនោះអាក្រក់ជួជាតិ ហួស ពីសត្វធាតុទៅទៀត។ សម្តេចតេជោ ក៏បានផ្តាំទៅកាន់អង្គទូតទាំងនោះផងដែរថា សូមកុំចោទប្រកាន់ថា សម្តេចជាជនផ្តាច់ការ ហើយគ្មានការលើកលែងដល់អ្នកដទៃនោះ។ ការដែលសម្តេចមិនលើកលែង និង យោគយល់គឺដោយសារក្រុមមនុស្សទាំងនោះទេ ដែលមិនយោគយល់ដល់សម្តេច បើទោះបីសម្តេចកំពុងកាន់ទុក្ខចំពោះប្អូនថ្លៃស្រីសម្តេចដែលបានទទួលមរណភាពក៏ដោយនោះ។
ខណៈនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរដល់អង្គទូត និងបរទេសមួយចំនួនដែលបានកាន់ជើងដល់ក្រុមជេរប្រមាថសម្តេចផងដែរថា ប្រសិនបើក្រុមគ្រួសាររបស់ពួកអ្នកត្រូវបានគេជេរប្រមាថដូចក្រុមគ្រួសារសម្តេចពេលដែលកំពុងមានទុក្ខតើក្រុមអ្នកយល់យ៉ាងណាដែរ?៕
អត្ថបទបាន ចក់