បាល់ទាត់៖ ខ្សែប្រយុទ្ធ Paris Saint Germain, Neymar នឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាល ដោយសាររបួសកជើងរបស់គេឈានដល់ការវះកាត់។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានសែងចេញពីទីលាន ក្រោយប៉ះទង្គិចកជើងខាងស្តាំអំឡុងការប្រកួតដែល PSG យកឈ្នះ Lille ៤-៣ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។

ក្លិបបារាំងមួយនេះបានបញ្ជាក់ថា របួសកជើងរបស់ Neymar គឺប៉ះទៅលើកន្លែងចាស់ ដែលតម្រូវឱ្យមានការវះកាត់ដើម្បីកុំឱ្យធ្ងន់ធ្ងរជាងនេះ។ ជាមួយនឹងគ្នានឹងការវះកាត់ផងដែរ Neymar នឹងត្រូវសម្រាកយ៉ាងហោចណាស់ ៤ខែ។
រំលឹកថា Neymar បានរងរបួសជាច្រើនលើកមកហើយនៅផ្នែកជើងខាងស្តាំរបស់ខ្លួន ជាពិសេសគឺកជើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Neymar ក៏បានអវត្តមានពីរប្រកួតនៅ World Cup 2022 ឱ្យប្រេស៊ីលផងដែរ បន្ទាប់ពីរងរបួសពេលប្រេស៊ីលយកឈ្នះស៊ែបប្រកួតបើកឆាកក្នុងពូល។
កាលពីឆ្នាំ២០១៩ អតីតខ្សែប្រយុទ្ធ Barcelona រូបនេះក៏ធ្លាប់អវត្តមានពីការប្រកួត Copa America ដែរដោយសាររបួសកជើងស្តាំនេះ ហើយក៏បានអវត្តមានជាច្រើនសប្តាហ៍ផ្សេងទៀតកាលពីឆ្នាំ២០២១ ដោយសាររបួសចំនុចដដែល។ រដូវកាលនេះ Neymar បានស៊ុតបញ្ចូលទីសរុប ១៣គ្រាប់នៅ Ligue 1 និងប៉ះបញ្ជូន ១០លើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ