រុស្ស៊ី៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណាក្រុបរបស់រុស្ស៊ីបានព្រមានថា មូលដ្ឋានរបស់រុស្ស៊ីនៅជុំវិញទីក្រុង Bakhmut ភាគខាងកើតរបស់អ៊ុយក្រែនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ លុះត្រាទាហានរបស់លោកទទួលបានអាវុធ ជាសញ្ញាចុងក្រោយបំផុតនៃភាពតានតឹងរវាងវិមានក្រឹមឡាំង និងប្រធានក្រុមអ្នកប្រយុទ្ធឯកជនមួយនេះ។

ក្រុមមន្ត្រីយោធាអ៊ុយក្រែន និងអ្នកវិភាគក៏បានរាយការណ៍ផងដែរថា មេដឹកនាំកងពលតូចទី១៥៥ របស់រុស្ស៊ីដែលកំពុងប្រយុទ្ធជិតប្រជុំជន Vuhledar ភាគខាងត្បូងទីក្រុង Bakhmut កំពុងបញ្ជាបង្កើនការវាយប្រហារ ក្រោយការបរាជ័យធ្ងន់ធ្ងរប៉ុនប៉ងដណ្ដើមយកទីក្រុងនេះ។ កាលពីថ្ងៃអាទិត្យក្រសួងការជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារលើមជ្ឈមណ្ឌលទីបញ្ជាការកងពលតូច Azov របស់អ៊ុយក្រែនក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍។ ក្រសួងនេះពុំបានបញ្ជាក់លម្អិតពីការវាយប្រហារនេះទេ។
សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យបានទាក់ទងនឹងសមរភូមិប្រយុទ្ធនេះ។ ប្រធានក្រុមទាហានស៊ីឈ្នួលនេះ Yevgeny Prigozhin បាននិយាយថា សមរភូមិជួរមុខរបស់រុស្ស៊ីជិតទីក្រុង Bakhmut នឹងដួលរលំមិនខាន ប្រសិនកងកម្លាំងរបស់លោកមិនទទួលបានគ្រាប់រំសេវ ដែលបានសន្យាដោយទីក្រុង Moscow កាលពីខែកុម្ភៈនោះទេ៕
អត្ថបទ៖ សុខមាន