ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ.ប) បានអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរាយមពិនិត្យការបិទផ្សាយបញ្ជីឈ្មោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក ខណៈមកដល់ពេលនេះ គ.ជ.ប ពុំទាន់ទទួលបានបណ្តឹងពាក់ព័ន្ធបញ្ជីឈ្មោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកនៅឡើយទេ។
បើតាមឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា បន្ទាប់ពីគ.ជ.ប បានបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៃតួអង្គដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងក្រុង-ស្រុកនៃខេត្តទាំង៣នោះ គ.ជ.ប បានដំណើរការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីឲ្យភាគីពាក់ព័ន្ធពិនិត្យ និងដាក់ពាក្យប្តឹង ឬជំទាស់ទៅលើបញ្ជីឈ្មោះដំបូង។
ឯកឧត្តម បន្តថា ការដាក់ពាក្យប្តឹង ឬជំទាស់នេះ មានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា មកដល់ពេលនេះ គ.ជ.ប ពុំទាន់ទទួលបានបណ្តឹងណាមួយនៅឡើយទេពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតដំបូងសម្រាប់ប្រើប្រាស់ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកនៅឡើយទេ និងថែមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យ ដើម្បីរក្សាភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតផងដែរ។
ផ្អែកតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលរៀបចំព្រំដែនរដ្ឋបាល ជាពិសេសបង្កើតក្រុង និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តក្រចេះ ជាក់ស្តែងខេត្តកណ្តាល មានក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ខណៈក្រុងអរិយក្សត្រនេះ មានសង្កាត់ចំនួន១១។ ជាក់ស្តែង ដើម្បីដំណើរការរដ្ឋបាលក្រុងទាំងពីរនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានដំណើរចាប់ឆ្នោតលេខរៀង និងទទួលបានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗកន្លងទៅ។
គួរបញ្ជាក់ថា គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោមគណបក្សនយោបាយនីមួយៗមានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្ថបទ សេក ឧត្តម