ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យមានការគោរពសិទ្ធិគ្នារវាងស្រ្ដី និងបុរសក្រោយពេលមានករណីឃាតកម្ម និងហិង្សាមួយចំនួនបានកើតឡើងចំពោះស្រ្ដី។ សម្ដេចតេជោ អំពាវនាវថា បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព។
នៅប្រទេសកម្ពុជា កុំថាតែសិទ្ធិនារី ឬបុរស គឺត្រូវបានបាត់បង់អស់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ប៉ុន្ដែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ បានកើតមានជាថ្មីឡើងវិញ ក្រោយការផ្ដួលរំលំរបបដ៏យង់ឃ្នង ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋា ភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិស្រ្តីដោយបានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងនៃសង្គមនិងសេដ្ឋកិច្ចជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវ និងបាននឹងកំពុងធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀតតាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។
គួរបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ និងជំរុញការលើកកម្ពស់ដល់សិទ្ធិស្រ្តីរបស់រាជរដ្ឋាភិបាលបែបនេះ បច្ចុប្បន្នស្រ្ដីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើន។ ជាមួយគ្នានេះស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យជាច្រើនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
