ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ដើម្បីការពង្រឹងសន្តិសុខស្បៀងក្នុងតំបន់, ការសម្រួលនិងលើកកម្ពស់ពាណិជ្ជកម្មកសិកម្ម និងព្រៃឈើ និងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព។
រដ្ឋមន្រ្តីកសិកម្ម លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំរួមគ្នាមួយជាមួយថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី៦ មីនា ឆ្នាំ២០២៣នេះ ដែលមានគោលបំណងដើម្បីពិនិត្យលើកិច្ចការអាស៊ានស្ថិតក្រោមកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងព្រៃឈើអាស៊ាន នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យអគ្គនាយកដ្ឋានចំនួន៥ រួមមាន៖ អគ្គនាយកដ្ឋានកសិកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, រដ្ឋបាលព្រៃឈើ, រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានកៅស៊ូ ត្រូវស្វែងយល់ពីរបៀបធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO)ឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (១៩៩៣) ផ្តោតលើអាទិភាពចំនួន៧ ក្នុងនោះរួមមាន៖ ការពង្រឹងសន្តិសុខស្បៀងក្នុងតំបន់, ការសម្រួលនិងលើកកម្ពស់ពាណិជ្ជកម្មកសិកម្មនិងព្រៃឈើ, អនុផលព្រៃឈើក្នុងនិងក្រៅអាស៊ាន, ការបង្កើតនិងផ្ទេរបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពនិងអភិវឌ្ឍកសិធុរកិច្ច, ការអភិវឌ្ឍសហគមន៍កសិកម្មនិងធនធានមនុស្ស, ការវិនិយោគនិងការចូលរួមរបស់វិស័យឯកជន, ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាននិងអភិក្រមរួមគ្នាក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ឌិត ទីណា បានសម្រេចប្រគល់ភារកិច្ចជូននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ តាមដាននិងពិនិត្យលើ MOU ទាំងអស់ឱ្យមានប្រសិទ្ធភាព និងរុញឱ្យចេញជាការអនុវត្ត។
ជាមួយគ្នានេះដែរ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ត្រូវរាយការណ៍និងមានរបាយការណ៍ រាល់សកម្មភាពបេសកកម្មដោយមានខ្លឹមសារពិតប្រាកដនិងច្បាស់លាស់។ លើសពីនេះទៀត ត្រូវពិនិត្យជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងឆន្ទៈការងារពិតប្រាកដ ដើម្បីប្រសិទ្ធភាពការងារល្អប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី





