ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអនុញ្ញាតអោយ ឯកឧត្តម ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង និងលោកជំទាវ ចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ជាអគ្គកុងស៊ុល នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងជំនួបនាពេលនេះ ភាគីទាំងពីរបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរគឺព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពិសេសនៅតាមបណ្តាខេត្ត ដែលនៅជាប់ព្រំប្រទល់។
ជាមួយនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការបន្តរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្តសម្រាប់ប្រជាជនរស់នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ។
លើសពីនេះទៀត ឯកឧត្តមអគ្គកុងស៊ុល បានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅព្រមទាំងថ្លែងអំណរគុណ និងចងចាំទុកជានិច្ចចំពោះការស្រលាញ់រាប់អានរបស់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្ត ហើយទោះបីជិតបញ្ចប់បេសកកម្មទៅវិញក្តី ក៏ឯកឧត្តមចងចាំជានិច្ចចំពោះទំនាក់ទំនងល្អការសាមគ្គីភាពរវាង ខេត្តនៅជាប់ព្រំប្រទល់ និងក្នុងតំបន់។
បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះការ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់ខេត្តព្រះវិហារ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ៕





