ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញឲ្យពង្រឹងយន្តការបង្ការគ្រោះមហន្តរាយ ដើម្បីបញ្ជៀសការប៉ះពាល់ដល់ការអភិវឌ្ឍ និងវិនិយោគ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ (គ.ជ.គ.ម) ដែលបានចុះអនុវត្តន៍តួនាទីភារៈកិច្ចរបស់ខ្លួន និងមានឆន្ទៈខ្ពស់ ដើម្បីចុះសម្របសម្រួលលើការងារគ្រោះមហន្តរាយក្នុងបច្ចុប្បន្នភាព។ម្យ៉ាងវិញទៀត ទីណាកន្លែងណា ដែលមានហានិភ័យ គ្រោះមហន្តរាយកើតឡើងតែងតែចូលរួមជាប្រចាំត្រៀមឆ្លើយតបនិងសង្គ្រោះបន្ទាន់ ក្នុងហេតុការផ្សេងកើតឡើងផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ឆ្លើយយតបនឹងបរិការណ៍នៃបញ្ហាគ្រោះមហន្តរាយ ការអភិវឌ្ឍស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយឲ្យបានរឹងមាំ ពិសេសការពង្រឹងលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ជាបញ្ហាសំខាន់ តាមរយៈការចុះណែនាំ តម្រង់ទិសជាការចាំបាច់ រួមជាមួយកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ ធ្វើឲ្យការយកចិត្តទុកដាក់លើយន្តការ និងរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ចាប់ផ្តើមឡើងវិញ ជាមួយការដាក់ចេញផែនការយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតធ្វើឲ្យការងារគ្រប់គ្រងគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធភាព និងឈានទៅការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយ។
ឯកឧត្តទេសរដ្ឋមន្ត្រី បន្តថា យោងតាមអនុក្រឹត្យចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ រដ្ឋបាលរាជធានី-ខេត្ត បានយកចិត្តទុកដាក់រៀបចំដាក់ចេញសេចក្ដីសម្រេចស្តីពីការរៀបចំគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្តរៀងៗខ្លួន រីឯរដ្ឋបាលក្រុង-ស្រុក ខណ្ឌ ឃុំ សង្កាត់ មួយចំនួននៅពុំទាន់បាន រៀបចំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅឡើយផងដែរ។
ជាក់ស្តែង បញ្ហាគ្រោះមហន្តរាយតែងកើតមានជារៀងរាល់ឆ្នាំ ញឹកញាប់ និងខ្លាំងជាងមុន ដោយសារមានការប្រែប្រួលអាកាសធាតុខុសប្រក្រតី បង្កឲ្យមានមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិកើតឡើងខុសពេលវេលា ហើយមុខសញ្ញាគ្រោះថ្នាក់ដោយមនុស្សក៏កើតមានបន្ថែមទៀត៕




