ឥណ្ឌា៖ ប្រទេសឥណ្ឌាកំពុងទប់ស្កាត់ការរីករាលដាលឆ្លងដ៏គំហុក គ្រោះថ្នាក់ និងច្រើនបំផុតនៃជំងឺ COVID-19 ដែលបានធ្វើឲ្យមន្ទីរពេទ្យផ្ទុកអ្នកជំងឺលើសចំណុះ ហើយឈាបនដ្ឋានពេញសមត្ថភាព។ កាលពីថ្ងៃចន្ទគឺជាថ្ងៃទី៥ ជាប់ៗគ្នាដែលប្រទេសមួយនេះរកឃើញ ករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតនៅលើពិភពលោក ស្របពេលដែលវីរុសបម្លែងខ្លួនថ្មីបន្តរីករាលដាលខ្លាំង។

ការផ្គត់ផ្គង់អុកស៊ីហ្សែនសង្គ្រោះអាយុជីវិតមនុស្សកំពុងខ្វះខាត ហើយគ្រួសារដែលឆ្លងជំងឺCOVID-19 ត្រូវបានគេទុកចោល ដោយពួកគេធ្វើដំណើរពីមន្ទីរពេទ្យមួយទៅកាន់មន្ទីរពេទ្យមួយទៀត ដើម្បីស្វែងរកការព្យាបាល។ ឥណ្ឌាបានបញ្ជាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យជួយដោះស្រាយការហក់ឡើងខ្ពស់ករណីឆ្លង វីរុសដ៏កាចសាហាវមួយនេះ ខណៈដែលប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកសន្យាបញ្ជូនជំនួយសុខាភិបាលបន្ទាន់ទៅដល់ពួកគេ។ ទិន្នន័យពីក្រសួងសុខាភិបាលបានឲ្យដឹងថា ឥណ្ឌាដែលមានប្រជាពលរដ្ឋសរុប ១.៣ពាន់លាននាក់ បានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ចំនួន ១៧.៣១លាននាក់ និងករណីស្លាប់ ១៩៥.១២៣នាក់ ថ្វីត្បិតតែក្រុមអ្នកជំនាញសុខភាពអះអាងថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះក៏ដោយ។
ខណៈនោះដែរ អង្គការសុខភាពពិភពលោក កំពុងធ្វើការគ្រប់បែបយ៉ាងតាមដែលពួកគេអាចធ្វើបាន ដើម្បីផ្តល់សម្ភារ និងគ្រឿងវេជ្ជសាស្ត្រផ្គត់ផ្គង់ដែលចាំបាច់ដល់ប្រទេសឥណ្ឌា។ លោក យូស៊ូឡា វ៉ុនដឺ ឡេយ៉េន ប្រធានគណៈកម្មការអឺរ៉ុបបានសរសេរតាម Twitter ថា សហភាពអឺរ៉ុបកំពុងប្រមូលធនធានរបស់ខ្លួន ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័សចំពោះសំណើសុំជំនួយរបស់ឥណ្ឌា តាមរយៈយន្តការការពារជនស៊ីវិលសហភាពអឺរ៉ុប។ លោកបន្តថា ពួកយើងនឹងសាមគ្គីពេញទំហឹងជាមួយប្រជាជនឥណ្ឌា៕
អត្ថបទ៖ សារ៉ាត់