ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៃរាជបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីស្វែងយល់ពីរចនាសម័្ពន្ធ តួនាទី ភារកិច្ច និងបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានបន្តវេន ពង្រឹងខឿននគរបាលជាតិឱ្យកានតែរឹងមាំបន្ថែមទៀត។
ឯកឧត្តម កែប ជុតិមា បានថ្លែងការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសាកលវិទ្យាល័យការពារជាតិ សម្រេចបានក្នុងយុគសម័យតេជោសន្តិភាព ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិប្រកបដោយគុណភាព កសាងមន្រ្តីនគរបាលវ័យក្មេងជាប្រភពបន្តវេនទៅអនាគត សំដៅអនុវត្តភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងប្រទេសជាតិអោយបានល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានថ្លែងថា រាជបណ្ឌិត្យសភានគរបាលកម្ពុជាបានបង្លើតឡើងនៅឆ្នាំ២០០៧ ហើយមានអង្គភាពចំណុះ ១១ អង្គភាព និងមានសាលាភូមិភាគចំនួន ៦ តាមបណ្តាខេត្តដូចជា ស្ទឹងត្រែង ពង់ចាម កំពង់ស្ពឺ សៀមរាប បាត់ដំបង និងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមថ្លែងថា ចំពោះតួនាទីភារកិច្ចរបស់រាជបណ្ឌិត្យសភានគរបាលកម្ពូជា គឺធ្វើការសិក្សាស្រាវជ្រាវទៅលើកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្រាវជ្រាវទៅលើកិច្ចការវិទ្យាសាស្ត្រនគរបាល ដូចជាពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋផ្សេងៗដូចជាការជួញដូរគ្រៀងញៀនឆ្លងដែនខុសច្បាប់ ជាពិសេសការស្រាវជ្រាវច្បា់សំខាន់ៗដែលពាក់ព័ន្ធនឹងរាជបណ្ឌិត្យសភានគរបាលកម្ពុជា តួនាទីមួយទៀត គឺធ្វើការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារទូទាំងប្រទេស។
ឯកឧត្តម នាយឧត្តមសានីយ៍សាស្ត្រាចារ្យ បានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនៅអភិក្រម៥ ទី១ ការផ្តួចផ្តើមគំនិត ទី២ ការចេះឆ្នៃប្រឌិត ទី៣ ការកែទម្រង់ ធ្វើយ៉ាងណាអោយបានល្អដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តារប្រទេសជិតខាងទី៤ គំនិតនុវានុវត្ត និងទី៥ បង្កើតនៅអ្វីដែលថ្មី៕