
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំថែមទៀត ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យពីជំងឺឆ្លងកាចសាហាវផ្សេងៗ ដែលកើតមានឡើងជាយថាហេតុដូចជាករណី ជំងឺឆ្លងកូវីដ១៩ និងគ្រោះមហន្តរាយធម្មជាតិជាដើម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ឆ្នាំ(២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ។
សម្ដេចតេជោថ្លែងថា ការកែលម្អគុណភាពសេវាសុខាភិបាល ត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់សេវាថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកជំងឺ និងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ដោយក្នុងចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៅយន្តការតាមដាន និងវាយតម្លៃ គុណភាពសេវាដែលកំពុងអនុវត្ត ក្នុងពេលបច្ចុប្បន្ន។
សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ពិនិត្យ និងរៀបចំការអភិវឌ្ឍ និងអនុវត្តយន្តការអភិបាលកិច្ច ផ្នែកក្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្ដល់ មានអនុលោមភាពស្របតាមបទដ្ឋាន ស្ដង់ដាដែលបានកំណត់៕ អត្ថបទ៖ វ៉ន ដារ៉ា