ភ្នំពេញ៖ ថ្លែងក្នុងពិធីអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ« ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលមានប្រតិភូស្រ្តី មកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិជាង២០០នាក់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា មានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ គឺជាប្រធានបទមួយដ៏មានសារៈសំខាន់ និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន ទាំងក្នុងក្របខណ្ឌសកល ក៏ដូចជាតំបន់ និងប្រទេសនីមួយៗ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ទៀតថា ប្រធានបទនេះក៏បានបង្ហាញពីគុណតម្លៃរបស់ស្រ្តី ជាពិសេសស្រ្តីកម្ពុជា ដែលបានរួមចំណែកធំធេងទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែងសន្តិភាពដែលកំពុងរីករាយសព្វថ្ងៃនេះ រកបានមកដោយលំបាកបំផុត ហេតុនេះប្រជាពលរដ្ឋទាំងអស់ដាច់ខាត ត្រូវរក្សាសន្តិភាពនេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ស្រ្តី ប៉ុន្តែក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលត្រូវបន្តរួមគ្នាដោះស្រាយ ក្នុងនោះរួមមានគម្លាតយេនឌ័រ ផ្នត់គំនិតសង្គមទៅលើស្រ្តី បញ្ហាហឹង្សាលើស្រ្តីនិងក្មេងស្រីជាដើម ដែលបញ្ហាទាំងនេះនៅតែដាក់គំនាបទៅលើស្រ្តី ក្នុងការចូលរួមក្នុងវិស័យនយោបាយ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថល។
ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចប្រធានរដ្ឋសភា បានស្នើឲ្យបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តីខ្មែរ ក្នុងសង្គម លើកកម្ពស់ស្ថានភាពតួនាទី និងសិទ្ធិស្ត្រីនៅក្នុងសង្គម និងលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី និងជនងាយរងគ្រោះ ដើម្បីធានាសម្រេចបាននូវសមភាពយេនឌ័រនិងបរិយាបន្ន នៅក្នុងការអភិវឌ្ឍ។ បន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ ទៅក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍បៃតង ជាដើម។
ក្នុងនាមរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតស៊ូ លះបង់ និងពលីរបស់ស្រ្តីកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ដែលបានរួមវិភាគទានដ៏មានតម្លៃដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម ជាពិសេសក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្រ្តីបានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ដោយជោគជ័យនូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ៕ អត្ថបទ ៖ ឧត្ដម








