ភ្នំពេញ ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក្នុងអំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារដោយសារវិបត្តិសាកល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន ៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន ៣០ដុល្លារ សរុប ៧០ដុល្លារ ក្នុងម្នាក់ គិតចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល នាព្រឹកថ្ងៃទី៧ ខែមីនានេះ នៅទីស្តីការក្រសួង។
ប្រភពដដែល បានឲ្យដឹងថា កិច្ចប្រជុំនេះ បានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តានៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែនបន្ថែមទៅលើផលប៉ះពាល់កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារ បាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។
ក្នុងឱកាសនោះ តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់កម្មករនិយោជិត អាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។
បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធ លើកឡើងពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយរួចមក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានទទួលយកនូវសំណូមពរដែលខាងវិស័យឯកជនជួបប្រទះការលំបាក ដើម្បីពិភាក្សាដោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម បានសំដែងនូវការអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តនូវកញ្ចប់វិធានការរបស់រដ្ឋាភិបាល១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។
តាមការឲ្យដឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រោងចក្រនៅកម្ពុជា ដែលកំពុងព្យួរកិច្ចសន្យាការងារ ដោយសារការបញ្ជាទិញពីក្រៅប្រទេសធ្លាក់ចុះក្នុងពេលដែលពិភពលោកជួបនូវវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន មានចំនួន ៧១រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុបជាង ៣ម៉ឺន ២ពាន់៕ អត្ថបទ ៖ ឈិត បូរ៉ាវី
