បាល់ទាត់៖ Gerard Pique ដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញឆ្នាំមុន បានបង្ហាញខ្លួនលេងឲ្យក្រុមបាល់ទាត់រដ្ឋ Catalonia ប្រកួតមិត្តភាពជាមួយក្រុមវេណេហ្ស៊ុយអេឡាកាលពីថ្ងៃចន្ទម្សិលម៉ិញ។ខ្សែការពារ Barcelona និងជាសមាជិកជ័យលាភី World Cup និងអឺរ៉ុបជាមួយក្រុមអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនឲ្យក្រុម Catalonia លើកទី10 ហើយចាប់តាំងពីចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយ World Cup 2018។ ក្រុម Catalonia បានយកឈ្នះការប្រកួតមិត្តភាពនេះ លើវេណេហ្ស៊ុយអេឡាដោយលទ្ធផល 2-1 ដោយខ្សែប្រយុទ្ធ Stoke City, Borjan ជាអ្នកស៊ុតបើកការនាំមុខឲ្យ Catalonia។ អតីតខ្សែបម្រើអេស្ប៉ាញ និង Barcelona ម្នាក់ទៀត Xavi Hernandez ក៏ត្រូវបានកោះហៅចូលក្រុម Catalonia ដែរ តែមិនអាចមកជួយបានដោយជាប់ធុរៈនៅក្លិបអាជីពក្នុងប្រទេសកាតា។ ក្រៅពីនោះអ្នកផ្សេងទៀតដែលបានបង្ហាញខ្លួនឲ្យក្រុម Catalonia រួមមានខ្សែការពារ Brighton, Martin Montoya ខ្សែបំរើ Southampton, OriolRomeu និងខ្សែការពារ Real Betis, Marc Bartra។
ក្រុមបាល់ទាត់ Catalonia មិនត្រូវបានទទួលស្គាល់នៅឡើយដោយ FIFA រឺ UEFA ដូច្នេះការប្រកួតនេះមិនមានមន្ត្រីអាជ្ញាកណ្ដាល FIFA រឺទង់ផ្លូវការណាមួយឡើយ ខណៈការប្រកួតធ្វើឡើងនៅទីក្រុង Girona៕
អត្ថបទ៖នាង សុភាវុធ

