ភ្នំពេញ ៖ សោម៉ា គ្រុប ចូលរួមអបអរសាទរទិវាអន្តរជាតិនារីតាមរយៈកម្មវិធីបង្កើត និងចែករំលែកគុណតម្លៃរបស់ខ្លួនដោយមានការរៀបចំជាវេទិការជជែកពិភាក្សាក្រោមប្រធានបទ «ការកសាងអនាគតឱ្យកាន់តែភ្លឺស្វាង» ។ កម្មវិធីនេះមានវាគ្មិនកិត្តិយសចូលរួមមកពីតំណាងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលដោយក្នុងនោះរួមមាន ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា , លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប, អ្នកស្រី ម៉ម សុម៉ាលី ស្ថាបនិកអង្គការអាហ្វេស៊ីបកម្ពុជា និងកញ្ញា រិទ្ធី លំអរពេជ្រ អគ្គនាយិកាក្រុមហ៊ុន ភ្លើងគប់ព្រមទាំងមានវត្តមានអ្នកចូលរួមមកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ក្រុមយុវជន និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង២០០នាក់ ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នៅអគារ TheCommune ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរយៈប្រធានបទខាងលើ កម្មវិធីនេះមានគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ក្នុងការកសាងអនាគតសង្គមមួយដ៏ភ្លឺស្វាងតាមរយៈការចូលរួមរវាងបុរសនិងស្ដ្រី ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ ផ្ដល់ឱកាសនិងលើកទឹកចិត្តស្រ្តីក្នុងការចូលរួមកិច្ចការសង្គមឱ្យបានច្រើន។
ក្រុមហ៊ុន សោម៉ា គ្រុប ជាក្រុមហ៊ុនក្នុងស្រុកមួយដែលកំពុងធ្វើអាជីវកម្មគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន៥ គឺ អប់រំ ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ចនិងអចល្យទ្រព្យ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១០ និងមានកម្មករនិយោជិតប្រមាណ ៣០០០នាក់។ ក្រៅពីការងារអាជីវកម្ម ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធ ក៏បានយកចិត្តទុកដាក់លើការងារសង្គមផងដែរ តាមរយៈកម្មវិធីចែករំលែកគុណតម្លៃរបស់ខ្លួនដែលមានឈ្មោះថា Soma Initiative ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដោយផ្តោតលើកម្មវិធី សំខាន់ៗចំនួន៣រួមមាន ការអប់រំ សុខភាព-អនាម័យ និងបរិស្ថាន៕ អត្ថបទ ៖ សុជាតា




