ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ថា កាលពីថ្ងៃទី៧ ខែមីនា ម្សិលមិញនេះ ជាថ្ងៃដែលយុទ្ធនាការ BeyondTheGames បានបង្កើតវេទិកាជាផ្លូវការក្នុងមហិច្ឆតា បត់ «បេះដូងច្រើនជាងគេលើពិភពលោក» ចំនួន១លានបេះដូងដោយប្រជាជនកម្ពុជា ដែលការបត់បេះដូងនេះ គឺជាការចូលរួមចំណែករបស់ ស.ស.យ.ក. ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
ឯកឧត្តមថ្លែងថា បេះដូង១ដែលត្រូវបានបត់ សមមាត្រជាថវិកាចំនួន ៥០០រៀល ដែលក្នុង១លានបេះដូងសរុបជាថវិកា ៥០០ លានរៀល ឬប្រមាណ ១២៥,០០០ដុល្លារ ដោយមានដៃគូបរិច្ចាគចំនួន ៥ ស្ថាប័នស្ម័គ្រចិត្តចូលរួមបរិច្ចាគជំនួស ដើម្បីយកថវិកាទាំងនេះប្រគល់ជូនកីឡាករ កីឡាការិនីដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ឯកឧត្ដមថ្លែងថា៖«ខ្ញុំមានក្តីរំភើប និងមិននឹកស្មានថា កន្លងមកនេះ ការបត់បេះដូងនេះមានការចូលរួមយ៉ាងសស្រាក់ស្រាំពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស»។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា គោលបំណងនៃការបត់បេះដូងនេះ មិនមែនគ្រាន់តែផ្ដោតសំខាន់ទៅការបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខនោះទេ តែការបត់បេះដូងនេះ បានបង្ហាញអំពីក្ដីស្រលាញ់ ការផ្ដល់កំលាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បីបុព្វហេតុរួមសម្រាប់ប្រទេសជាតិមាតុភូមិ។ លើសពីនេះទៅទៀត នេះជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីជាការគាំទ្រដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំទូលាយ (Cambodia: Small Country, Big Heart)។
ឯកឧត្ដមបញ្ជាក់ថា យុទ្ធនាការនេះ គឺមានគោលបំណង និងគោលដៅច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តធ្វើរឿងនេះ។ អ្វីដែលជាបំណងប្រាថ្នារបស់យើងក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា៕









