បាល់ទាត់៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ លើកទី២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម នៅ សារី ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ លើកទី២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ការប្រកួតពេលនេះគឺធ្វើឡើងក្នុងគោលបំណងធំៗគឺដើម្បីគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត និងគាំទ្រគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំសន្តិភាពមកឲ្យប្រជាជនកម្ពុជា និងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យរីកចម្រើន ខណៈក្នុងឆ្នាំ២០២៣ នេះកម្ពុជានឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។
ឆ្លៀតឱកាសនោះដែរជាគណៈអធិបតីក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ លើកទី២ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជាបានថ្លែងថា កីឡានាំមកនូវសុខភាពល្អ ពង្រឹងសមត្ថភាព កាយសម្បទា ប្រាជ្ញាស្មារតី បង្កើនភាពក្លាហាន ដើម្បីឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរក្សាសន្តិភាពកុំឲ្យបោះបង់។ គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ លើកទី២ នៅស្រុកពញាក្រែកនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែកុម្ភៈរហូតថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ រយៈពេល ១៧ថ្ងៃនៃការប្រកួត។ ហើយមានក្រុមកីឡាករសរុបទាំងអស់ ៤២ក្រុម ក្នុងនោះចែកជា ៥ផ្នែករួមមាន៖ បាល់ទាត់មហាជនមាន ២៦ក្រុម, បាល់ទាត់វ័យចំណាស់មាន ១៦ក្រុម, បាល់ទាត់អាយុ ១៨ឆ្នាំមាន ១០ក្រុម, បាល់ទាត់នារីមាន ២ក្រុម និងកីឡាប៉េតង់មាន ៨ក្រុមផងដែរ៕