ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ (CAMSOC-CAMAPGOC) ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងធ្វើការបំពាក់ប្រព័ន្ធ Wi-Fi ស្ទើរគ្រប់ទីកន្លែងក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ខណៈទស្សនិកជនក៏អាចប្រើប្រាស់បានដោយសេរីផងដែរ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍ ជាមួយគណៈកម្មការពាក់ព័ន្ធ និងមានការចូលរួមពីតំណាងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពិភាក្សាអំពីការរៀបចំការងារនេះនៅមជ្ឈមណ្ឌលប្រតិបត្តិការកីឡានៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ដោយមានការជំរុញពីថ្នាក់ដឹកនាំការងាររៀបចំប្រព័ន្ធ Wi-Fi គឺជាផ្នែកមួយដែលត្រូវបានយកចិត្តទុកដាក់ និងរៀបចំបំពាក់ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ទាំងក្នុងវិមានកីឡដ្ឋាន ភូមិកីឡា និងទីធ្លារសាធារណៈនានា ដែលអាចបម្រើឲ្យការងារស្នូលរបស់គណៈកម្មការជំនាញ និងប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំងទស្សនិកជនក៏អាចប្រើប្រាស់បានដែរដើម្បីជំរុញការផ្សព្វផ្សាយ និងចែករំលែកពិធីបើក-បិទ ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឲ្យកាន់តែទូលំទូលាយ។

ក្រៅពីការបំពាក់នូវប្រព័ន្ធ Wi-Fi នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងពិនិត្យរៀបចំនៅទីកន្លែង និងទីលានប្រកួតផ្សេងៗ ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួនដែលមានរៀបចំការប្រកួត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕
អត្ថបទ៖ លី ឈុនឡា