រត់ប្រណាំង៖ ទិវារត់ប្រណាំងស្ដ្រី និងកីឡា ឬ Woman Run 10K ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិខួបលើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានអ្នកចូលរួមជាង ១,៥០០នាក់។
ថ្លែងក្នុងទិវារត់កម្សាន្ដនេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ដោយសារកូវីដ-១៩ ព្រឹត្តិការណ៍នេះបានខកខានរៀបចំ ២ឆ្នាំមកហើយ តែបន្ទាប់ពីការរៀបចំលើកនេះ NOCC នឹងរៀបចំរៀងរាល់ឆ្នាំឡើងវិញ ដើម្បីជំរុញស្ដ្រីក្នុងវិស័យកីឡាផង និងអបអរសិទ្ធិនារីផង។ ទន្ទឹមជាមួយគ្នាលោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ដ្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានសម្ដែងនូវសេចក្ដីរីករាយដែលទិវារត់ប្រណាំងស្ដ្រី និងកីឡាបានត្រឡប់មកវិញ នឹងមានការចូលរួមយ៉ាងផុលផុសទាំងបុរស និងនារី ដែលបញ្ជាក់ឲ្យឃើញចលនាស្ដ្រីក្នុងវិស័យកីឡាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
ដោយឡែកកីឡាករ-កីឡាការិនីចូលរួមរត់កម្សាន្ដក្នុងកម្មវិធីនេះក៏បានសម្ដែងការសប្បាយចិត្ត ចំពោះអាជ្ញាធរដែលរៀបចំឲ្យមានកម្មវិធីនេះឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់អ្នកចូលរួម ក្នុងការលើកកម្ពស់សុខុមាលភាពផង ពិសេសដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនាតែម្ដង។ ជាមួយគ្នាលោក Lok Kah Meng តំណាងក្រុមហ៊ុនសុវណ្ណាភូមិឡាយហ្វ៍ បានបង្ហាញសេចក្ដីសោមនស្សរីករាយដែលបានចូលរួមសហការរៀបចំកម្មវិធីនេះឡើង ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ក៏ដូចជាជំរុញស្ដ្រីក្នុងវិស័យកីឡាឲ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា