ចិន៖ រដ្ឋមន្ត្រីការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានអាកប្បកិរិយាបំភ្លៃចំពោះប្រទេសចិន ហើយដរាបណាអាមេរិកមិនផ្លាស់ប្តូរវិធីរបស់ខ្លួននោះទេ ជម្លោះ និងការប្រឈមមុខដាក់គ្នានឹងកើតមានឡើង។ ការអត្ថាធិប្បាយត្រង់ៗបែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំក្នុងទីក្រុងប៉េកាំង។
ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់ ប៉ុន្តែនៅតែបន្តក្នុងផ្លូវខុស នោះនឹងគ្មានរនាំងណាមួយអាចទប់ស្កាត់បាននោះទេ ហើយវានឹងប្រាកដជាមានជម្លោះ និងការប្រឈមមុខដាក់គ្នា។ ភាពតានតឹងរវាងប្រទេសមហាអំណាចទាំង២ បានកើនឡើងជុំវិញបញ្ហាមួយចំនួន រួមទាំងបញ្ហាកោះតៃវ៉ាន់ ពាណិជ្ជកម្ម និងសង្គ្រាមនៅអ៊ុយក្រែននាពេលថ្មីៗនេះ ប៉ុន្តែប្រទេសទាំង២ កាន់តែមានភាពតានតឹងកាលពីខែមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងនៅជិតឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ដែលអាមេរិកនិយាយថា វាជាយានចារកម្មរបស់ប្រទេសចិន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានជិត ២ម៉ោងកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសលោក Qin Gang បានបញ្ជាក់ជាថ្មីនូវជំហររបស់ប្រទេសចិនចំពោះកោះតៃវ៉ាន់ ដោយនិយាយថា វាជាបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បាន។ ប្រទេសចិនបានបដិសេធមិនថ្កោលទោសការវាយលុករបស់រុស្ស៊ី និងបានការពារជំហររបស់ខ្លួនយ៉ាងខ្លាំងលើសង្គ្រាមនេះ។ ទន្ទឹមនឹងនេះចិនក៏បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនកំពុងពិចារណាការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន