អ៊ីស្រាអែល៖ ទាហានអ៊ីស្រាអែលកាលពីថ្ងៃអង្គារបានសម្លាប់ជនប៉ាឡេស្ទីន ៦នាក់នៅក្រុង Jenin ជាការវាយឆ្មក់ចុងក្រោយនៃអំពើហិង្សានៅក្នុងតំបន់ West Bank។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្ស ៦នាក់បានស្លាប់ ម្នាក់មានអាយុ ៤៩ឆ្នាំ និងអ្នកផ្សេងទៀតមានអាយុជាង ២០ឆ្នាំនៅក្នុងការប៉ះទង្គិចគ្នាដោយការបាញ់កាំភ្លើង។

លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas បានហៅការប្រើប្រាស់គ្រាប់រ៉ុក្កែតនៅក្នុងជំរំជនភៀសខ្លួននៅក្រុង Jenin ជាហេតុការណ៍ប៉ះទង្គិចគ្នាញឹកញាប់នៅភាគខាងជើងតំបន់ West Bank ជាសកម្មភាពនៃសង្គ្រាម។ អ្នកឃើញហេតុការណ៍និយាយថា ទាហានអ៊ីស្រាអែលបានចូលទៅក្នុងជំរំ ហើយហ៊ុមព័ទ្ធលំនៅឋានមួយកន្លែង ខណៈក្រុមសកម្មប្រយុទ្ធបានវាយប្រយុទ្ធតបតវិញ ដោយកងទ័ពអ៊ីស្រាអែលរាយការណ៍ថា ឧបករណ៍បំផ្ទុះត្រូវបានគប់មកលើពួកគេ។ កងពលនៅក្រុង Jenin ជាក្រុមសកម្មប្រយុទ្ធនៅក្នុងជំរំបាននិយាយនៅលើបណ្តាញ Telegram ថា ខ្មាន់កាំភ្លើងរបស់ពួកគេបានប្រយុទ្ធក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងអ៊ីស្រាអែល។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មានជនប៉ាឡេស្ទីន ២៦នាក់បានរងរបួសក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃអង្គារដែលក្នុងនោះមាន ៣នាក់របួសធ្ងន់។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានសរសើរកងកម្លាំងអ៊ីស្រាអែលលើប្រតិបត្តិការរបស់ពួកគេ នៅក្នុងជំរំជនភៀសខ្លួននៅក្រុង Jenin តំបន់ West Bank។ ការវាយឆ្មក់បានបញ្ចប់ដោយបណ្តាលឲ្យជនប៉ាឡេស្ទីនយ៉ាងតិច ៦នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើងក្រុមហាម៉ាសម្នាក់ដែលត្រូវបានគេសង្ស័យថា បានបាញ់សម្លាប់បងប្អូនប្រុសជនជាតិអ៊ីស្រាអែល ២នាក់នៅជិតក្រុង Huwara កាលពីសប្តាហ៍មុន៕
អត្ថបទ៖ ប៊ុនថន